សត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើង​ដល់ ៧០ក្បាល

(ភ្នំពេញ)៖គិតមកត្រឹមចុងឆ្នាំ២០២៤នេះ វត្តមានសត្វ ផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាល ជ្រូកទឹក​ចំនួន ១ក្បាលស្នាក់នៅអចិន្ត្រៃយ៍ និងផ្សោតក្បាលត្រឡោកជាច្រើន​ក្បាល​ទៀត ។ នេះបើតាមការឱ្យដឹងពីសំណាក់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ។

មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សហគមន៍​​នេសាទព្រែកត្នោត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធាន​ធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វ​សមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់​សហគមន៍។

លោក អ៊ុក សុវណ្ណារិទ្ធ ប្រធាន សហគមន៍នេសាទព្រែកត្នោតបានលើក​ឡើងថា៖សហគមន៍មួយនេះមានសក្តានុពលធនធានធម្មជាតិច្រើន​ដោយសារមានធនធានជលផលច្រើនដូចជា ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្មជាដើម។សហគមន៍មួយនេះមានផ្ទៃដី ១១៦៨ហិកតា មានព្រៃកោងកាង ២០ហិកតា តំបន់អភិរក្សផ្កាថ្ម ១១៤ហិកតា និងស្មៅសមុទ្រ ៧០០ហិកតា។

លោកបានបញ្ជាក់បន្ថែមថា ស្មៅសមុទ្រមានសារៈសំខាន់ណាស់ ពីព្រោះថា វាជាទីជម្រករបស់ជីវចម្រុះ និងវាក៏ជាចំណីរបស់ត្រីផងដែរ។ក្នុងនេះដូចជា​ត្រីកាតាំងវាស៊ីតែស្មៅសមុទ្រ និងស៊ីស្លែ ។ហេតុនេះកាលណាមានស្មៅនេះ​កាន់តែច្រើនវានឹងក្លាយជាទីជម្រកអចិន្រ្តៃយ៍របស់ជីវៈចម្រុះ នឹងវាអាចទប់​លំនឹង​ទឹក​សមុទ្របានថែមទៀត។ពិសេសសត្វតូចៗវាអាចគេចពីការ​ប្រមាញ់​សត្វសមុទ្រធំៗបានផង។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពតបានឱ្យដឹងថា កន្លងមករដ្ឋបាលជលផលបានជំរុញដល់សហគមន៍ឱ្យដាំដើមកោងកាងឡើងវិញ។ក្រៅពីនេះប្រជាសហគមន៍ក៏ត្រូវបានបណ្តុះ​បណ្តាល​ឱ្យចេះ​ចិញ្ចឹមត្រី ចិញ្ចឹមក្តាម ជាពិសេសការបម្រើលើសេវាអេកូទេសចរណ៍ ដែលទទួលភ្ញៀវទេសចរ គេមកលេងដោយបង្កើតមុខរបរជូនពួកគាត់។យើងធ្វើបន្តបន្ទាប់ហើយបានច្រើនណាស់។ រហូតសត្វកម្រក៏យើង​អភិរក្ស​បាននៅខេត្តកំពតយើងនេះដែរ ក្នុងនេះដូចជាជ្រូកទឹក ផ្សោតផ្កាឈូក តែម្តង។ អញ្ចឹងហើយយើងអាចបង្កើតតំនប់ទេសចរណ៍បាន ។ យើងអាច​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកមើលកម្សាន្ត។

ជាមួយគ្នានេះលោកបានអំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សា និង អភិរក​ធនធាន ធម្មជាតិដោយក្នុងនេះត្រូវចូលរួមដាំកោងកាង មិនបេះ​បោចស្មៅ​សមុទ្រ ពិសេសជាងនេះបើទិញក្តាម បើឃើញមានពងច្រើនគួរទិញលែងវា​នោះ​មានន័យថាយើងក្រៅពីជួយការពារ ហើយនៅជួយអភិរក្សសត្វកម្រ​យើង​ឱ្យ​នៅ​គង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយបន្តទៀត។

ក្រសួងកសិកម្មបានលើកឡើងដែរថា៖ការថែរក្សាធនធានធម្មជាតិ ទាំងព្រៃ​កោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗ ជាច្រើនប្រភេទ បានរួមចំណែកផ្ដល់ការងារនិងប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទនៅក្នុងតំបន់ តាមរយៈការផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរដែលទៅកម្សាន្ត ដូចជាការជិះទូកមើលផ្សោតនិងព្រៃកោងកាង និងការផ្គត់ផ្គង់អាហារ​ស្រស់ៗ នេសាទបានពីដែនទឹករបស់សហគមន៍ផ្ទាល់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner