ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជួបសំណេះសំណាល និង ស្តាប់សំណូមពរបងប្អូនប្រជានេសាទនៅឃុំកំពង់ភ្លុក
(ភ្នំពេញ)៖រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទជិត ១០០នាក់ដែលកំពុងរស់នៅឃុំកំពង់ភ្លុក ខេត្តសៀមរាប។
ក្រសួងកសិកម្មបានឱ្យដឹងថាក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជា ពលរដ្ឋនៅរសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៤របស់ ឯកឧត្តមរដ្ឋ មន្ដ្រី ក្រសួងកសិកម្មនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីជីវភាព ព្រមទាំង ស្ដាប់សំណូមពរទាំងឡាយរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែង ជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលលោកអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
នាឱកាសនោះដែរចំពោះសំណូមពរមួយចំនួនដែលបងប្អូនប្រជានេសាទបានលើកឡើង ត្រូវបានឯកឧត្តមរដ្ឋមន្ដ្រីចាត់តាំងមន្ដ្រីជំនាញឱ្យសិក្សា និង ដោះស្រាយជូនបងប្អូនប្រជានេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសុំចិត្តបងប្អូនប្រជា នេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ដោយធ្វើនេសាទគោរពតាម ច្បាប់ស្ដីពីជលផល។
ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ ត្រូវបាន ឯកឧត្តមរដ្ឋមន្ដ្រី ចាត់ទុកថាគឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់ បងប្អូនប្រជានេសាទ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើងនៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខ ៕
ដោយ ៖ ម៉ាដេប៉ូ