សម្តេចធិបតី អបអរសាទរខួប៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្តក្នុងបញ្ជី UNESCO
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាលក៏បានបើកព្រឹត្តិការណ៍ធំ ដោយធ្វើ «បុណ្យរំលឹកគុណអង្គរ»លើកទី៤ផងដែរនោះ ។
តាមរយៈឆាណែលតេលេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួប៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្តក្នុងបញ្ជី UNESCO ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤ ។
សូមជម្រាបថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួប ៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤)។
ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ។
ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធ ធ្វើឡើង នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការ យូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ សកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើង នាខែធ្នូ ឆ្នាំ១៩៩៣ ។
តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើ ប្រាសាទអង្គរវត្ត តែមួយនោះទេ តែសំដៅ លើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងប្រាសាទបុរាណ ដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា។
នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត ១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ៕
ដោយ ៖ វណ្ណលុក