ទួកគីប្រាប់អាមេរិកថា ប្តេជ្ញាធានាស្ថិរភាពក្នុងស៊ីរី
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទេសទួកគី លោក Hakan Fidan បានអះអាងប្រាប់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃសុក្រថា ទួកគីប្តេជ្ញាធានាស្ថិរភាព នៅក្នុងប្រទេសស៊ីរី។
លោក Hakan Fidan ប្រាប់សមភាគីអាមេរិកថា «តួកគីប្តេជ្ញាធានាស្ថិរភាព នៅក្នុងប្រទេសស៊ីរី ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និង ការពារទប់ស្កាត់ក្រុមជីហាដ ISIS ពីការដណ្តើមបានទីតាំង នៅទីនោះ»។
អំឡុងសន្និសីទសារព័ត៌មានរួមគ្នា នៅក្នុងទីក្រុងអង់ការ៉ា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាននិយាយបន្ថែមថា «កិច្ចព្រមព្រៀងទូលំទូលាយ គឺជាអ្វីដែលប្រទេសនីមួយៗចង់ឃើញ កើតចេញពីរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងប្រទេសស៊ីរី ហើយវាគួរតែជាការរួមបញ្ចូលគ្នា តែ មិនមែនជាពួកនិកាយ ហើយមិនបង្កការគំរាមកំហែង ដល់ប្រទេសស៊ីរី ឬ ប្រទេសជិតខាងឡើយ»។
ការកត់សម្គាល់ របស់ប្រមុខកាទូតអាមេរិករូបនេះ បានធ្វើឡើង អំឡុងជើងទីពីរនៃដំណើរទស្សនកិច្ច ក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការទម្លាក់លោកប្រធានាធិបតីស៊ីរី Bashar al-Assad អំឡុងការវាយលុកលុយ ដូចផ្លេកបន្ទោរ ដែលដឹកនាំដោយក្រុមឧទ្ទាម HTS ហើយបានបញ្ចប់ការគ្រប់គ្រងប្រទេសស៊ីរី រយៈពេល៥ទសវត្សរ៍ របស់គ្រួសារ Assad ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត