នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងប្តេជ្ញារក្សាស្ថិរភាពកិច្ចការរដ្ឋ បន្ទាប់ពីប្រធានាធិបតីត្រូវព្យួរតំណែង
សេអ៊ូល ៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរក្សាកិច្ចការរដ្ឋឲ្យដំណើរការប្រកបដោយស្ថិរភាព។
លោក Han បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីសភាដឹកនាំដោយគណប្សប្រឆាំងបានអនុម័តលើសំណើព្យួរតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅក្នុងការបោះឆ្នោតលើកទីពីរ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។
ភារកិច្ចរបស់លោក Yoon នឹងត្រូវព្យួរភ្លាមៗ នៅពេលដែលដំណោះស្រាយនៃការចោទប្រកាន់ត្រូវបានបញ្ជូនទៅការិយាល័យរបស់គាត់ ហើយលោក Han នឹងក្លាយជាប្រធានាធិបតីស្តីទី រហូតដល់តុលាការធម្មនុញ្ញសម្រេចថាតើត្រូវផ្តល់តំណែងឲ្យលោក Yoon វិញ ឬដកគាត់ចេញពីតំណែងតែម្តង។
ប្រធានរដ្ឋសភា លោក Woo Won-shik បាននិយាយថា ចាប់ពីពេលដែលច្បាប់អាជ្ញាសឹកត្រូវបានប្រកាសរហូតមកដល់ពេលនេះ ភាពស្មោះត្រង់ ភាពក្លាហាន និងការលះបង់ដែលប្រជាជនបានបង្ហាញ សម្រាប់លទ្ធិប្រជាធិបតេយ្យបាននាំឱ្យមានការសម្រេចចិត្តនេះ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា