ព្រឹត្តិការណ៍ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ ប្រមូលថវិកាបាន ២៤,០៤០ដុល្លារអាមេរិក ដើម្បីកិច្ចការសប្បុរសធម៌
ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រមូលថវិកាបានពីការលក់សំបុត្រសរុបចំនួន ២៤,០៤០ដុល្លារអាមេរិក បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា។
ថ្លែងក្នុងពិធីអបអរសាទរនេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍រម្លឹកពីការចាប់ផ្ដើមបើកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដំបូងកាលពី ២០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ ២០០៤ ដោយផ្ដើមចេញពីឯកឧត្ដមផ្ទាល់មាន ឆន្ទៈបង្កើតសាលារៀនមួយ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យសម្រាប់សិស្សានុសិស្សក្នុងរាជធានី ភ្នំពេញបានចូលសិក្សារៀនសូត្រ ហើយជាពិសេសសម្រាប់កូនៗរបស់ឯកឧត្ដមផ្ទាល់។
ឯកឧត្ដមឧកញ៉ាបណ្ឌិតក៏បានបន្តទៀតថា តាំងពីថ្ងៃបង្កើតរហូតមកដល់ពេលនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានភាព ជោគជ័យយ៉ាងត្រចះត្រចង់ ដោយសាលាមានត្រឹមតែសិស្ស ១៧នាក់នៅឆ្នាំ២០០៤ កើនឡើង រហូតដល់ជាង ៥,០០០ នាក់ និងមានសាខាចំនួន៣ ដែលកំពុងដំណើរការទទួលសិស្សឱ្យចូលរៀន ព្រមទាំងសាខាទី៤ ស្ថិត នៅជិតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងបើកទ្វារទទួលសិស្ស ចូលរៀននៅឆ្នាំសិក្សាថ្មី ២០២៥ – ២០២៦ ខាងមុខនេះ។
សមិទ្ធផលទាំងនេះ តាមប្រសាសន៍របស់ឯ កឧត្ដមឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល កើតឡើង បានដោយមានការចូលរួមចំណែកពីតួអង្គសំខាន់ៗ គឺលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារ និងទទួលបានការទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាលទាំងអស់មកលើសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍, ក្រសួងអប់រំ យុវជន និង កីឡាដែលបានដឹកនាំគាំទ្រ និងតម្រង់ទិសគ្រឹះស្ថាន អប់រំសំដៅធ្វើឱ្យសម្រចបាននូវនវានុវត្តិន៍ គុណភាពនៃការសិក្សា និងជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជា អាទិភាពទី១នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ភាពជោគជ័យក្នុងព្រឹត្តិការណ៍ហ្វាន់រ៉ាន់នៅថ្ងៃនេះជាសក្ខីភាពស្រាប់ ដោយមានការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា ក្នុងសហគមន៍ស៊ី អាយ អេ ហ្វឺសត៍ទាំងមូល សាលាប្រមូលថវិកាសរុបបាន 24,040 ដុល្លារសហរដ្ឋអាមេរិក ដោយបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ចំនួន ៥០% ស្មើនឹងទឹកប្រាក់ 12,020 ដុល្លារសហរដ្ឋអាមេរិក និងមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ៥០% ដែល ស្មើនឹងទឹកប្រាក់ 12,020 ដុល្លារសហរដ្ឋអាមេរិក ដូចគ្នាផងដែរ ។
ជាមួយនឹងការអញ្ជើញចូលរួមផ្ដល់កិត្តិយសក្នុងព្រឹត្តិការណ៍ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរង ទី២នៃកាកបាទក្រហមកម្ពុជា និងលោកស្រី វ៉ាន់ អជីត្តា អគ្គនាយករង និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃមូលនិធិ គន្ធបុប្ផាកម្ពុជាបានសម្ដែងការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី និងសហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សម្រាប់គំនិតផ្ដួចផ្ដើមកៀរគរថវិកាសប្បុរសធម៌ បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងឱកាសអបអរសាទរខួប ២០ឆ្នាំរបស់សាលា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃការបង្កើតសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នេះទទួលបានការចូលរួមពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដៃគូសហការរៀបចំកម្មវិធី ភ្ញៀវកិត្តិយស និងសាធារណជនទូទៅប្រមាណជិត ៤ ពាន់នាក់៕ អត្ថបទ ៖ ឈឹម ទីណា