ប្រកាសតែងតាំង ឯកឧត្ដម សុខ ពេញវុធ ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្ដម សុខ ពេញវុធ សមាជិក គណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មី ជំនួសឯកឧត្ដម នួន ផារ័ត្ន ដែលទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំគណបក្ស ឱ្យទៅទទួលតួនាទី ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី១៥ធ្នូឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ជ្រួន ថេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទៀមទាអោយយុវជនរបស់យើងពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។
ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានផ្តាំផ្ញើ ឯកឧត្ដម សុខ ពេញវុធ ត្រូវបន្តរក្សាសន្តិភាពអោយបានគង់វង់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ បន្តពិនិត្យតាមដាននិងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងទប់ស្កាត់ដាច់ខាតចំពោះចលនាបដិវត្តពណ៌។ យកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រឹកយុវជនបក្ស ដូចពាក្យស្លោកថា ពង្រីកដល់ណា ពង្រឹងដល់នោះ។
ឯកឧត្ដមបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានមានប្រសាសន៍ថា រាជធានីភ្នំពេញ មានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ រាជធានី ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ រហូតដល់ចំនួន ៣១,៥៦៧រូប ដែលក្រុមការងារយុវជនគណបក្សទាំងនេះត្រូវបានបែងចែក តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីអោយបក្សមានភាពរឹងមាំ។
ឯកឧត្ដមបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានបន្តទៀតថា៖ អំពើល្អរបស់មន្ត្រីបក្សនិងការអនុវត្ត អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” បានធ្វើអោយគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។
ឯកឧត្ដម សុខ ពេញវុធ ដែលទើបតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មីក្នុងឱកាសនោះដែរ ក៏បានធ្វើការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ប្តេជ្ញាពង្រឹងនិងពង្រឹកយុវជនបក្សអោយបានជាប្រចាំ ពង្រឹងនិងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍យុវជនអោយកាន់តែប្រសើរឡើង៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ