Zelensky នឹងផ្តល់គ្រាប់ធញ្ញជាតិដល់ប្រជាជនស៊ីរី

បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាស កាលពីថ្ងៃអាទិត្យថា លោកនឹងផ្តល់គ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងៗទៀត ដល់ប្រជាជនស៊ីរី ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។

ដំណឹងនេះត្រូវបានប្រកាស ក្រោយរយៈពេលមួយសប្តាហ៍ នៃការដួលរលំសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ គឺ លោក ប្រធានាធិបតីស៊ីរី Bashar al-Asad ដែលកំពុងសុំសិទ្ធិជ្រកកោន នៅប្រទេសរុស្ស៊ី។

អំឡុងសុន្ទរកថាប្រចាំថ្ងៃ លោក Volodymyr Zelensky បាននិយាយថា «ឥឡូវនេះ យើងអាចជួយប្រជាជនស៊ីរី ជាមួយនឹងស្រូវសាលី ម្សៅ និងប្រេងរបស់យើង ដែលជាផលិតផលរបស់យើង ត្រូវបានប្រើប្រាស់ ទូទាំងពិភពលោក ដើម្បីធានាសន្តិសុខស្បៀងអាហារ»។

លោក Zelensky បានបញ្ជាក់ថា ជំនួយមនុស្សធម៌នេះ មាននៅក្នុងកម្មវិធី Grain From Ukraine។ កម្មវិធីមនុស្សធម៌ ដែលផ្តួចផ្តើមឡើង ក្នុងឆ្នាំ២០២២ បានចែងថា ប្រទេសម្ចាស់ជំនួយ និងអង្គការផ្សេងទៀត ទិញផលិតផលកសិកម្មដោយផ្ទាល់ ពីអ្នកផលិត នៅអ៊ុយក្រែន ហើយបញ្ជូនស្បៀងទាំងនេះ ទៅកាន់ប្រទេស ដែលត្រូវការជំនួយជាចម្បង ដូចជា នៅអាហ្វ្រិក និង តំបន់អាស៊ី។

យ៉ាងណាមិញ លោក Zelensky បាននិយាយបន្ថែមថា ការដឹកជញ្ជូនចាំបាច់ ត្រូវមានការឯកភាព ជាមួយតំណាង មកពីប្រទេសស៊ីរី ផងដែរ។ លោក Zelensky បាននិយាយថា «យើងពិតជានឹងគាំទ្រតំបន់នេះ ដូច្នេះ សន្តិភាព នៅទីនោះ អាចក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ចលនារបស់យើង ឆ្ពោះទៅរកសន្តិភាព ពិតប្រាកដ»។

មេដឹកនាំដ៏យូរលង់របស់ប្រទេសស៊ីរី លោក Bashar al-Assad ត្រូវបានផ្ដួលរំលំ កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ របស់ ពួកក្រុមឧទ្ទាមអ៊ីស្លាម។ ផ្នែកធំ ៗ នៃប្រទេសត្រូវបានបំផ្លាញ បន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើង នៅក្នុងប្រទេស តាំងពីឆ្នាំ២០១១៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner