ពិធីបុណ្យសមុទ្រនៅខេត្តកំពតបញ្ចប់ដោយជោគជ័យ និងទទួលបានការ​កោត​សរសើរពីភ្ញៀវជាតិ និងអន្តរជាតិ

(កំពត)÷ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថាពីធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលដំណើរការអស់រយ:ពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងជាគំរូសម្រាប់ការរៀបចំនាពេលបន្តបន្ទាប់ ទៀត។ ខណៈដែលអាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិបានកោតសរសើរ ថារៀបចំបានល្អ មានសន្តិសុខសណ្តាប់​ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត និងមានភាពទាក់ទាញចំណាប់អារម្មណ៍​ទេសចរទាំងជាតិ និងអន្តរជាតិឲ្យចង់ចាំខេត្តកំពត។

ថ្លែងក្នុងឱកាសបិទបញ្ចប់ពិធីបុណ្យសមុទ្រនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមាន​ប្រសាសន៍ថា ពិធីបុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ បានបញ្ចប់ដោយជោគជ័យគួរឱ្យមោទក:បំផុត។ ភ្ញៀវទេសចរជាតិ អន្តរជាតិ សរុបចំនួន ៣៨៩.១៦៨នាក់( ភ្ញៀវជាតិ៣៨៥.៥៥៣នាក់ និងទេសចរបរទេស៣.៦១៥នាក់) បានអញ្ជើញចូលរួមដោយទទួលភាព​សប្បាយរីករាយ តាមរយ:កម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍ ការសម្តែងសិល្ប: កីឡាច្រើនប្រភេទ ការប្រគំតន្ត្រី សកម្មភាពបាញ់កាំជ្រួចជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បុណ្យសមុទ្រនៅខេត្តកំពត មានការចូលរួម​ពីផ្នែករដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធជាតិ អន្តរជាតិយ៉ាង​មហោឡារឹកបំផុត ដំណើរការរៀបចំប្រកបដោយភាព​ល្អប្រពៃទាំង​សោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ គុណភាពផលិតផល ដែលបាន​នាំយកមកតាំងបង្ហាញភ្ញៀវជាដើម ដែលជាគំរូល្អសម្រាប់ការរៀបចំពិធី​បុណ្យ​សមុទ្រនៅឆ្នាំបន្តបន្ទាប់ទៀត។

អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ ទេសចរជាតិ និងអន្តរជាតិកោតសរសើរ ថារៀបចំបានល្អ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត​គួរឲ្យ​ទាក់​ទាញចំណាប់អារម្មណ៍ទេសចរទាំងជាតិ និងអន្តរជាតិឲ្យចង់ចាំខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោយពី​ស្ថាបនាបាននូវមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ឆ្នេរខ្សាច់កម្សាន្ត​តាមដងព្រែកកំពង់បាយ និងនាឡិកាខ្នាតធំ ព្រមទាំង​សមិទ្ធផលបម្រើ​វិស័យ​ទេសចរណ៍ដទៃទៀត ខេត្តកំពតមានភ្ញៀវចូលមកកម្សាន្ត​ចន្លោះពី ៣ម៉ឺន៥ពាន់នាក់ទៅ៥ម៉ឺននាក់ក្នង១សប្តាហ៍។

សូមបញ្ជាក់ថា ជាមួយពិធីបិទនេះដែរ  ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានប្រកាសអំពីការប្រគល់សិទ្ធិជូនរដ្ឋបាលខេត្តកោះកុង ដើម្បីទទួលធ្វើ​ជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ឆ្នាំ២០២៥ ៕

ដោយ ៖ សិលា សារិន

ads banner