រដ្ឋអាជ្ញាកូរ៉េខាងត្បូងថា ប្រធាធិបតីបដិសេធការកោះហៅបំភ្លឺការដាក់ច្បាប់អាជ្ញាសឹក
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Yoon Suk-yeol មិនបានអនុវត្តតាមការកោះហៅកាលពីថ្ងៃអាទិត្យម្សិលមិញទេ ប៉ុន្តែពួកគេនឹងចេញដីកាមួយទៀតក្នុងពេលឆាប់ៗនេះ។
ក្រុមរដ្ឋអាជ្ញាពិសេសដែលគ្រប់គ្រងការស៊ើបអង្កេតលើការដាក់ច្បាប់អាជ្ញាសឹករបស់ លោក Yoon បាននិយាយថា ខ្លួនបានបញ្ជូនដីការកោះហៅទៅកាន់លោក Yoon កាលពីថ្ងៃទី១១ ខែធ្នូ ដើម្បីហៅគាត់ទៅការិយាល័យរដ្ឋអាជ្ញានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងគោលបំណងសួរចម្លើយគាត់ នៅម៉ោង ១០ព្រឹកថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែលោក Yoon មិនបានបង្ហាញខ្លួនទេ។
បើតាមសារព័ត៌មាន Yonhap ទោះបីជាយ៉ាងណា ព្រះរាជអាជ្ញាគ្រោងនឹងបញ្ជូនដីកាកោះហៅជាលើកទីពីរទៅកាន់លោក Yoon ក្នុងពេលឆាប់ៗនេះ។ លោក Yoon ត្រូវបានព្យួរតំណែង បន្ទាប់ពីការ បោះឆ្នោតសភាជាតិ កាលពីថ្ងៃ សៅរ៍ ជុំវិញការដាក់ច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសមួយរយៈពេលខ្លីរបស់លោក នៅ ដើមខែធ្នូនេះ។
សារព័ត៌មាន Yonhap បានរាយការណ៍ថា លោកប្រធានាធិបតី Yoon បានរងការចោទប្រកាន់ពីបទរំលោភអំណាចរបស់គាត់ ក្នុងការប្រកាសដាក់ច្បាប់អាជ្ញាសឹក សម្រាប់គោលបំណងខុសពីរដ្ឋធម្មនុញ្ញ និងខុសច្បាប់ ហើយថែមទាំងបញ្ជាឱ្យមេបញ្ជាការយោធាបញ្ជូនកងទ័ពទៅកាន់សភា និងចាប់ខ្លួនតួអង្គនយោបាយសំខាន់ៗ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា