រុស្ស៊ីបព្ចេាញយន្តហោះដ្រូនពិឃាតជាង ១០០គ្រឿងវាយប្រហារអ៊ុយក្រែន
កៀវ ៖ យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងទ្រង់ទ្រាយធំប្រឆាំងនឹងទឹកដីអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។
មន្ត្រីនៃកងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះដ្រូនពិឃាតសរុបចំនួន ១០៨គ្រឿង ត្រូវបានរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារស្ទើរពេញមួយយប់។
ជាការឆ្លើយតប អ៊ុយក្រែនបានប្រើប្រាស់អង្គភាពការពារដែនអាកាស និងក្រុមទប់ស្កាត់គ្រឿងអេឡិចត្រូនិចប្រឆាំងនឹងយន្តហោះដ្រូនទាំងនោះ ដោយបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី នៅក្នុងទីក្រុង Kyiv, Sumy, Dnipropetrovsk និងតំបន់ផ្សេងទៀត។
មន្ត្រីនៃកងទ័ពអាកាសអ៊ុយក្រែនបន្ថែមថា កំទេចកំទីនៃយន្តហោះដ្រូនដែលបានបំផ្លាញ បានធ្លាក់ចំផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មួយចំនួន ដែលបណ្តាលឱ្យមានរបួសផងដែរ។
អភិបាលតំបន់ Oryol ភាគខាងលិចនៃប្រទេសអ៊ុយក្រែន បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារដោយយន្តហោះដ្រូនក្នុងទ្រង់ទ្រាយធំរបស់រុស្ស៊ី បានដុតបំផ្លាញឃ្លាំងផ្ទុកប្រេងឥន្ធនៈ ហើយថា មិនមានអ្នកស្លាប់ និងរបួសនោះទេ។
អ៊ុយក្រែន និងរុស្ស៊ីបានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដើម្បីគ្រប់គ្រងទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូននៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។
គិតមកទល់ពេលនេះ ទាំងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ជាមួយនឹងការប្រើប្រាស់យន្តហោះដ្រូនពិឃាតទៅលើទីតាំងដែលនៅឆ្ងាយពីតំបន់សមរភូមិមជួរមុខ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា