មេដឹកនាំកូរ៉េខាងត្បូង និងអាមេរិកប្តេជ្ញាបន្តរក្សាទំនាក់ទំនងដែកថែប

សេអ៊ូល ៖ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Han Duck-soo និងប្រធានាធិបតីអាមេរិក លោក Joe Biden បានប្តេជ្ញាបន្តរក្សាទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ បើទោះបីជាកូរ៉េខាងត្បូងផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំក៏ដោយ។

ការអះអាងបែបនេះបានកើតឡើងបន្ទាប់ពីលោក Han បានធ្វើកិច្ចពិភាក្សាជាមួយលោក Biden តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។

លោក Han បច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង ក្រោយរដ្ឋសភាបានបោះឆ្នោតព្យួរតំណែងប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk-yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់។

មន្រ្តីកូរ៉េខាងត្បូងបាននិយាយថា លោក Han បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងធ្វើការដើម្បីធានាថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកត្រូវបានរក្សា និងអភិវឌ្ឍទៅមុខដដែល។

រីឯលោក Biden ត្រូវបានគេរាយការណ៍ថា បានឆ្លើយតបដោយបង្ហាញការជឿទុកចិត្តរបស់គាត់ចំពោះលទ្ធិប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូងហើយថា សម្ព័ន្ធភាពដែកថែបរវាងប្រទេសទាំងពីរនៅតែមិនផ្លាស់ប្តូរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner