ប្រធានគណបក្សកាន់អំណាចកូរ៉េខាងត្បូងលាលែងពីតំណែង
បរទេស ៖ បន្ទាប់ពីមានការចោទប្រកាន់ លើរូបលោក ប្រធានាធិបតី Yoon Suk-yeol
មេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង លោក Han Dong-hoon នៅថ្ងៃចន្ទនេះ បានប្រកាសលាលែងពីតំណែង។
នៅក្នុងសន្និសីទសារព័ត៌មាន តាមទូរទស្សន៍ថា លោក Han បាននិយាយពីការលាលែងពីតំណែងជាប្រធានគណបក្សអំណាចប្រជាជន ឬ People Power Party ខណៈដែលក្រុមប្រឹក្សាជាន់ខ្ពស់ របស់គណបក្ស បានដួលរលំ ព្រោះតែការលាលែងបន្តបន្ទាប់ ពីសំណាក់សមាជិកបក្ស ដែលធ្វើឲ្យរូបលោក មិនអាចបំពេញតួនាទី ជាប្រធានបក្សទៀតបាន។
លោក Han បានសុំទោសប្រជាជនទាំងអស់ ដែលបានរងទុក្ខ ដោយសារតែការដាក់ច្បាប់អាជ្ញាសឹក ជាបន្ទាន់ ពីសំណាក់លោក Yoon Suk-yeol កាលពីយប់ថ្ងៃទី ៣ ខែធ្នូ។
គួរកត់សម្គាល់ថា លោក Han ទើបត្រូវបានបោះឆ្នោតជ្រើសរើស ជាមេដឹកនាំគណបក្សកាន់អំណាច កាលពីថ្ងៃទី ២៣ ខែកក្កដា។
ញត្តិចោទប្រកាន់លោកប្រធានាធិបតី Yoon ត្រូវបានសភាជាតិអនុម័ត កាលពីថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូន ទៅតុលាការធម្មនុញ្ញ ដើម្បីធ្វើការសម្រេចចិត្ត ក្នុងរយៈពេល ១៨០ ថ្ងៃ ថាតើ លោក Yoon ត្រូវបណ្តេញចេញពីតំណែងប្រធានាធិបតី ឬយ៉ាងណា។ អំឡុងពេលនេះ លោក Yoon ត្រូវបានព្យួរតំណែង។
ជាការកត់សម្គាល់ បន្ទាប់ពីការចោទប្រកាន់ជាផ្លូវការ សមាជិកជាប់ឆ្នោតទាំង៥នាក់នៃក្រុមប្រឹក្សាកំពូលរបស់គណបក្សអំណាចប្រជាជន បានបង្ហាញឆន្ទៈ ចុះចេញពីតំណែង។
ជាមួយនឹងការលាលែងពីតំណែងរបស់ លោក Han នាពេលនេះ មេដឹកនាំជាន់ឈ្មោះ Kweon Seong-dong នឹងត្រូវធ្វើជាមេដឹកនាំស្តីទីរបស់គណបក្ស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត