ឯកឧត្តម ហេង រតនា ផ្តាំផ្ញើក្មួយៗជាសិក្ខាកាម ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់ និងអ្នកបើកវគ្គថ្មី ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីសង្គមជាតិ
(កំពង់ឆ្នាំង)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញបច្ចេកទេសស្រាវជ្រាវព័ត៌មានចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជំនាន់ទី ៥ និងបើកថ្នាក់សញ្ញាបត្របច្ចេកទេសវិជ្ជា ស្ថាន និងវិជ្ជាជីវៈ១ ជំនាញបច្ចេកទេសបោសសំអាតមីន និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅ ក្នុងវិទ្យាស្ថានបច្ចេកទេសសំអាតមីន សីម៉ាក់ ខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ផ្ដាំផ្ញើក្មួយៗ ជាសិក្ខាសាលាចប់វគ្គ ពេលត្រឡប់ទៅវិញត្រូវយកចិត្តទុកដាក់បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់កើតឡើង ដោយខ្វះការប្រុងប្រយ័ត្ន ។ ជាមួយគ្នានេះក្មួយៗចូលវគ្គថ្មីត្រូវយកចិត្តទុកដាក់រៀនសូត្រដោយការទទួលខុសត្រូវដើម្បីបម្រើជាតិមាតុភូមិរបស់យើង ។
ឯកឧត្តមបានបន្តថា សម្រាប់សិក្ខាកាមដែលចប់វគ្គសិក្សាចុះទៅអនុវត្តការងារត្រូវយកជំនាញរបស់ខ្លួនទាំងការស្រាវជ្រាវព័ត៌មានពីចម្ការមីនទាំងការកំណត់ទីតាំង ត្រូវតែច្បាស់លាស់ហើយបើមិនច្បាប់លាស់ត្រូវពិភាក្សាគ្នាជាមួយរៀមច្បងរបស់យើង ដើម្បីកំណត់ទីតាំងឲ្យបានជាក់លាក់។ ជាមួយគ្នាសូមក្មួយៗយកចិត្តទុកដាក់រៀនសូត្រជំនាញបន្ថែម តាមបច្ចកវិជ្ជាថ្មីៗ ផ្សេងៗទៀត នៅក្នុងអង្គភាព និងសូមកុំភ្លេច រៀនជំនាញផ្សេងបន្ថែម សម្រាប់អនាគតរបស់យើង ដូចជាជំនាញ កសិកម្ម ចិញ្ចឹមត្រី ចិញ្ចឹមមាន់ និង ផ្នែកនារីជំនាញខាងសំអាងការ អ៊ុតសក់ ជាដើម។ ក្មួយៗបានចូលសិក្សារៀនសូត្រ ជាគុណបំណាច់របស់ឪពុកម្ដាយក្មួយៗ ដែលបានផ្ដល់លទ្ធភាពឱ្យក្មួយៗ ចូលសិក្សាបន្តវេន វាជាចំណែកមួយ ជាមួយរាជរដ្ឋាភិបាលក្នុងការបោះសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីរំដោះដី ជូនបងប្អូនប្រជាពលរដ្ឋ បង្ករបង្កើនផលធ្វើស្រែចំការប្រកបដោយសុវត្ថិភាព ។
ឯកឧត្តម សូមថ្លែងអំណរគុណដល់ឪពុកម្ដាយ របស់ក្មួយៗ ដែលក្រោយពីបម្រើជាតិពី២០ទៅ៣០ឆ្នាំ ក្នុងការរំដោះដី ជូនបងប្អូនប្រជាពលរដ្ឋ ហើយឲ្យក្មួយៗ ជាកូន បានចូលបន្តវេនបម្រើជាតិមាតុភូមិបន្តទៀត។
នាយកវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង លោក ធៀម សុភាព បានរាយការណ៍ថា វិធីបិទវគ្គ ជំនាញស្រាវជ្រាវព័ត៌មានចំការមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជំនាន់ទី៥ គឺបានចាប់ដំណើរការពីថ្ងៃទី ៦ តុលាដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ២៥នាក់ស្ត្រី៨នាក់បុរស ១៧នាក់ ។
ជាលទ្ធផលវគ្គសិក្សា សិស្សទទួលបាននិទ្ទេសល្អណាស់ចំនួន ១៣នាក់និទេ្ទសល្អប្រសើរចំនួន ១១នាក់ និងនិទ្ទេសល្អបង្គួរចំនួន ១នាក់ ។ ក្រោយការបិទវគ្គសិក្ខាកាម និងបញ្ជូនត្រឡប់ទៅអនុវត្តកិច្ចប្រតិបត្តិការក្នុងក្រុមតាមអង្គភាពវិញ ។ សម្រាប់សិក្ខាកាមថ្មីបើកថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ជំនាញបច្ចេកទេសបោសសំអាត និងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះជំនាន់ទី ២ មានសិក្ខាកាមចូលរួម៣០ នាក់ស្រី ១២នាក់មកពីបណ្ដាអង្គភាពចំនួន ៦ផ្សេងៗគ្នា ផងដែរ ៕
សុខ គឹមសៀន