នាយករដ្ឋមន្ត្រី ៖ ការចុះឈ្មោះក្នុងថ្នាលឌីជីថល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានប្រយោជន៍ ៨យ៉ាង
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គុណតម្លៃ នៃ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នឹងទទួលបានប្រយោជន៍៨យ៉ាង ។
សម្ដេចបវរធិបតី បានពន្យល់ថា បង ប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កុំមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការចុះឈ្មោះ ដោយខ្លាច ជាប់កាតព្វកិច្ច ឬការចំណាយផ្សេងៗតទៅទៀត ព្រោះថា នៅពេលបងប្អូន ដែលជាអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានចុះឈ្មោះហើយ នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា៖
ទី១.ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិន មានការបង្ខិតបង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់! ការចុះឈ្មោះនេះមិន ត្រឹមតែដើម្បីឱ្យ បងប្អូនទទួល បានអត្តសញ្ញាណផ្លូវការ ប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។
ទី២.បងប្អូនអាចនឹងមានការស្ទាក់ស្ទើរ ព្រោះ ខ្លាចជាប់កាតព្វកិច្ចពន្ធ។ សម្ដេច បានបញ្ជាក់ថា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារ ប្រកាសពន្ធ អ្វីទាំងអស់។ នេះគឺជាការគិតគូរ របស់រាជរដ្ឋាភិបាលចំពោះ សុខទុក្ខរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយ មិនចាំបាច់ណាមួយដែលបងប្អូនត្រូវ បង់ជូនរដ្ឋឡើយ»។
ទី៣. ក្រោយចុះឈ្មោះ និងទទួលការអនុម័ត នៅលើថ្នាលឌីជីថលនេះហើយ បងប្អូន នឹងទទួលបាន វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែក របស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះ បញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់បងប្អូន ដែលមានការទទួលស្គាល់ ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយ វិស័យឯកជនផងដែរ។
ទី៤. ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យ បង ប្អូន បង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែល មានស្រាប់ និងការចាប់យកជំនាញថ្មី (Upskill and Reskill)។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមានសមត្ថភាព និងឱកាសកាន់តែប្រសើរ ក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។
ទី៥. ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជា កូនសោមួយ ដែលបងប្អូនអាច ចាក់ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះ ស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅ ផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះ បងប្អូនក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤ ។
ទី៦. អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេ ឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយ ស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែ ទាំសុខភាពសម្រាប់ ទាំងខ្លួនឯង និងសមាជិកគ្រួសារ។
ទី៧. តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមាន លទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និង ឆាប់រហ័ស ពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។
ទី៨. សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះ ឈ្មោះក៏នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈ មូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។ នេះក៏ជា ជំហានដ៏សំខាន់មួយ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះ នៃចក្ខុវិស័យរបស់យើង សម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ