កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជាស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យគាត់សម្គាល់ទេ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនមានការបំពុលគួរឱ្យគាត់សម្គាល់ឡើយ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជុំវិញបញ្ហានេះថា ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ ចំនួន៥៣គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេស។ លើសពីនេះ ក្រសួងបរិស្ថាន បានបំពាក់រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៣គ្រឿងបន្ថែមទៀត។ ជាក់ស្តែង ទិន្នន័យគុណភាពខ្យល់ PM2.5 ស្មើនឹង 14.03 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និងតូចជាង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង ប្រចាំប្រទេសកម្ពុជា ។
ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានអនុវត្តសកម្មភាព ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើយ។ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០ ក្នុងគោលបំណង ចូលរួមលើកកម្ពស់ការយល់ដឹង ពីសកម្មភាពអាកាសធាតុ របស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំការគាំទ្របន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ដើម្បីពង្រឹងការទប់ស្កាត់ការបំពុលខ្យល់ជាប្រចាំ ក្នុងពេលរដូវប្រាំង ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយ និងអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតគល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗ៕
ដោយ ៖ ម៉ាដេប៉ូ