ប្រកួតចៀរជ័រកៅស៊ូ ដើម្បី ស្វែងរក កម្មករចៀរជ័រកៅស៊ូ ដែលមានជំនាញ មានបច្ចេកទេសចៀរបានស្អាត និងលឿន

(ភ្នំពេញ)៖ ព្រឹត្តិការណ៍រៀបចំការប្រកួតចៀរជ័រកៅស៊ូ នៅខេត្ត ត្បូងឃ្មុំ ដោយមានកម្មករចម្ការកៅស៊ូ៦៩នាក់ មកពីចម្ការកៅស៊ូធំៗ និងចម្ការកៅស៊ូសហគមន៍ បានចូលរួមដើម្បីជ្រើសរើសរកកម្មករ ចៀរជ័រកៅស៊ូដែលមានជំនាញ ចៀរបានស្អាត ហើយនិងលឿនថែមទៀត។សម្រាប់បេក្ខជនទាំង៦៩នាក់នេះដែរ មកពីក្រុមហ៊ុន ៣៤ និងសហគមន៍កៅស៊ូគ្រួសារចំនួន ៥ ។

ថ្លែងក្នុងកម្មវិធីបើកប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ នេះជាការប្រកួតចៀរជ័រកៅស៊ូដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរៀបចំឡើងក្រោមការផ្ដួចផ្ដើមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ប្រាក់ ដាវីដ បន្តថា កម្មវិធីប្រកួតចៀរជ័រកៅស៊ូ រៀបចំឡើងដើម្បីស្វែងរកកម្មករចៀរជ័រកៅស៊ូ ដែលមានជំនាញ អាចចៀរជ័រកៅស៊ូតាមបច្ចេកទេសបានស្អាត និងលឿនរហ័ស។

តាមរយៈកម្មវិធីប្រកួតនេះ ឯកឧត្តមសង្ឃឹមថា បេក្ខជនចំនួន ៦៩រូប ដែលមកពីក្រុមវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន និងសហគមន៍កៅស៊ូគ្រួសារចំនួន ៥ និងចំការកៅស៊ូគ្រួសារចំនួន ១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ អាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្របច្ចេកទេសពីគ្នាទៅវិញទៅមក ។

ជាមួយគ្នានេះ ឯកឧត្តមមានសុទិដ្ឋិនិយមដែរថា កម្មវិធីនេះនឹងអាចធ្វើឲ្យសាធារណជនទូទៅ យល់ដឹងអំពីអនុវិស័យកៅស៊ូ។

បើតាមឯកឧត្តម ប្រាក់ ដាវីដ តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតនិងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។ ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងដែរថាក្នុងចំណោមកម្មករដែលបានចូលរួមរួមប្រកួតនឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង ពោលគឺលេខ១ មានចំនួន ៥នាក់ លេខ២ មានចំនួន៥នាក់ និងលេខ ៣ មានចំនួន ៥នាក់។

គួរបញ្ជាក់ថា ផលិតផលកៅស៊ូក្នុងឆ្នាំ២០២៤របស់កម្ពុជា សម្រេចបានចំនួន ៤០៧ ២០៩តោន កើនឡើងចំនួន ១៥ ៤០៩តោន ស្មើនឹង ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner