ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុកនៃខេត្តកំពង់ស្ពឺ ក្នុងករណីចាំបាច់ ឬមានការងារបន្ទាន់ត្រូវដោះស្រាយជូនពលរដ្ឋ អាចទាក់ទងមក ឯកឧត្តមផ្ទាល់
(ខេត្តកំពង់ស្ពឺ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា ក្នុងករណីដែលមានការងារបន្ទាន់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចេញពីវេទិការសាធារណៈ ក្រុមការងារអាចទាក់ទងមកកាន់ ឯកឧត្តម ដោយផ្ទាល់ ភ្លាមៗដោយកុំចាំបាច់រង់ចាំ ទាល់តែមានការរៀបចំកិច្ចប្រជុំ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ស្របពេលដែល ក្រុមការងារបានពិភាក្សា និងផ្តល់នូវរបាយការណ៍ជាច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ជាពិសេសការលើកឡើងនូវវឌ្ឍនភាពការងារទាក់ទងទៅនឹងការធ្វើវេទិកាសាធារណៈ ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ។
កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារសម្រេចបានជាច្រើនដែលក្រុមការងារគ្រប់គោលដៅ ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិការសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស ។
តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ។
ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ







