ឯកឧត្តម ស៊ូ សុជាតិ ៖ រាជរដ្ឋាភិបាលអណត្តិទី៧ ផ្តោតលើ “ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល”

(ភ្នំពេញ)៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបញ្ចកោណទី៥ ផ្តោតលើ “ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល” ក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានបញ្ចូលជាមុំទី៥ ។

ការលើកឡើងនេះក្នុងឱកាសឯកឧត្តមអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍បន្ថែមថា ឆ្លើយតបនឹងវិធានការគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សិក្ខាសាលានេះ នឹងរួមចំណែកដល់ការផ្សព្វផ្សាយនិងការយល់ដឹងអំពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ដែលជាថ្នាលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូង នៅកម្ពុជា ក៏ដូចជាការធ្វើពិពិធកម្មធនធាន និងការធ្វើវិសិដ្ឋកម្មផតថល ។

ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ក្នុងការបំពេញមុខងារ, តួនាទី និងភារកិច្ចរបស់ខ្លួន, មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បាននិងកំពុងបំពេញការងារដោយធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ផ្សេងទៀត រហូតសម្រេចបាននូវសមិទ្ធផលជាជំហានៗគួរជាទីមោទនៈ តាមរយៈការចូលរួម អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ។

ឯកឧត្តម សូ សុភា បានបន្ថែមថា មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បាន រៀបចំរួចរាល់នូវផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ដែលប្រែក្លាយជាជំហានៗនូវផតថលនេះ ឱ្យក្លាយជា “ថ្នាលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Development & Innovation Portal)” ដែលប្រមូលផ្តុំ, ធ្វើប្រព្រឹត្តិកម្ម, ផ្សព្វផ្សាយ និងអនុញ្ញាតឱ្យគ្រប់តួអង្គ សង្គមអាក់សេសព័ត៌មាន, ទិន្នន័យ, ឯកសារ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ផតថលនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្ថាប័នរដ្ឋ, វិស័យឯកជន និងសាធារណជនទូទៅជាអាទិ៍ ដូចខាងក្រោម ៖ ទី១- ប្រមូលផ្តុំ, រក្សាទុក និងជួយសម្រួលដល់ការស្វែងរក, ការផ្សព្វផ្សាយ និងការចែក រំលែកចំណេះដឹង, ព័ត៌មាន, ទិន្នន័យ និង/ឬស្ថិតិនានា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ។

ទី២-ធ្វើឱ្យសាធារណជន ជាពិសេសអ្នកប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុស្គាល់អំពី ក្របខណ្ឌស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុ, ទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ, មានមធ្យោបាយសម្រាប់ស្នើសុំជំនួយឬសាកសួរព័ត៌មានបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនពីគ្រប់តួអង្គក្នុងបច្ចេកវិទ្យា ហរិញ្ញវត្ថុ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ។

ទី៣-លើកកម្ពស់ការចាប់យក, ការប្រើប្រាស់ និងការធ្វើបរិវត្តកម្មសេវាសាធារណៈ ឌីជីថល តាមរយៈការធ្វើទំនើបកម្មការងារ ។

ទី៤-លើកកម្ពស់ភាពជឿទុកចិត្តរបស់អ្នកប្រើប្រាស់និងសាធារណជនលើបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
ទី៥- កសាងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយនឹងតួអង្គពាក់ព័ន្ធ។ ទន្ទឹមនេះ មាតិកាផ្សេងៗពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រប់ទម្រង់ ត្រូវបាន ប្រមូលចងក្រង, រៀបចំ និងផ្សព្វផ្សាយនៅលើផតថលជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យ ផតថលកាន់តែមានលក្ខណៈពេញលេញនិងជាប្រយោជន៍ដល់សាធារណជន។

សូមបញ្ជាក់ថា ៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ គ្រប់តួអង្គសង្គមពាក់ព័ន្ធ ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីផតថលនេះ តាមរយៈការយល់ដឹង និងការអាក់សេសទិន្នន័យ, ព័ត៌មាន, ឯកសារ និងចំណេះដឹងផ្សេងៗ ព្រមទាំងអាចផ្តល់នូវធាតុចូលបន្ថែម និងតម្រូវការនានា ក្នុងការធ្វើវិសិដ្ឋកម្ម (Upgrade) ផតថលនេះឱ្យកាន់តែប្រសើរនិងអាចប្រើប្រាស់បានដោយគ្រប់តួអង្គសង្គមពាក់ព័ន្ធ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner