មន្ទីរពេទ្យព្រះកេតុមាលា ប្រកាសអនុវត្តគម្រោង សប្បុរសធម៌ក្នុងប្រទេសកម្ពុជា ក្តីស្រឡាញ់ប្រជាជនចិន ជួយបំភ្លឺជីវិត

(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះកេតុមាលា បានប្រកាសអនុវត្តគម្រោង សប្បុរសធម៌ក្នុងប្រទេសកម្ពុជា ក្តីស្រឡាញ់ប្រជាជនចិន ជួយបំភ្លឺជីវិត ដោយគ្រោងព្យាបាល វះកាត់ភ្នែកឡើងបាយ ជូនកងទ័ព និងគ្រួសារកងទ័ពប្រមាណ ៣០០នាក់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក Zhao Haiyan ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ដែលគម្រោងនេះ រៀបចំឡើងដោយសមាគមសភាពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ ប្រចាំនៅកម្ពុជា រួមសហការជាមួយ ក្រុមគ្រូពេទ្យវះកាត់ជំងឺភ្នែក នៃមន្ទីរពេទ្យហ័រស៊ែរ, មូលនិធិសប្បុរសធម៌ជនជាតិចិន និងមន្ទីរពេទ្យព្រះកេតុមាលា ។

ក្នុងនាមតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម លី កុសល បានថ្លែងក្ដីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមគ្រូពេទ្យវះកាត់ភ្នែក ក៏ដូចជាសមាគមសភាពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ ប្រចាំនៅកម្ពុជា ដែលមកបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្នុងការព្យាបាលវះកាត់ភ្នែកឡើងបាយលើកទី១ ជូនកងទ័ព និងគ្រួសារកងទ័ពប្រមាណ ៣០០នាក់ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ជន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ។

ឯកឧត្តម បានចាត់ទុកថា នេះជាពេលវេលាមួយដ៏មានតម្លៃ សម្រាប់អ្នកជំងឺដែលមានភ្នែកឡើងបាយ និងត្រូវបានព្យាបាល ដោយមិនបាច់បង់ថ្លៃសេវា ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលព្យាបាលរួច អ្នកជំងឺទាំងនោះ នឹងបានជា សះស្បើយ ភ្នែកមើលឃើញច្បាស់ឡើងវិញ ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា សកម្មភាពមនុស្សធម៌ អន្តរជាតិនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការយកចិត្ត ទុកដាក់ និងស្មារតីសាមគ្គីភាពរវាងសមាគម និងគ្រូពេទ្យចិន ជាមួយកងយោធពលខេមរភូមិន្ទ និងប្រជាជនកម្ពុជា កាន់តែមានភាពជិតស្និត ។ កម្មវិធីសប្បុរសធម៌នេះ ពិតជាល្អណាស់ ដោយបានជួយសម្រួលដល់សុខភាព ភ្នែកឡើងបាយរបស់មនុស្សកាន់តែប្រសើរឡើង ធ្វើឲ្យអ្នកជំងឺ ដែលបានជាសះស្បើយ មានការសប្បាយចិត្ត និង ក្តីសង្ឃឹមឡើងវិញ ។

ឯកឧត្តម លី កុសល ក៏សូមសំណូមពរ ដល់សមាគមសភាពាណិជ្ជកម្មចិន ហុងកុង និងម៉ាកាវ មូលនិធិសប្បុរសធម៌ជនជាតិចិន ព្រមទាំងគ្រូពេទ្យជំនាញចិន សូមជួយរៀបចំកម្មវិធីនេះសម្រាប់ឆ្នាំបន្តទៀត ប្រសិនបើអាច មានលទ្ធភាព ដែលនេះជាសក្ខីភាពមួយ បញ្ជាក់ពីការរឹតចំណងសាមគ្គីភាពយ៉ាងរឹងមាំ រវាង កម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner