Honda ចាប់ដៃ Nissan បង្កើនការវាយលុកទីផ្សារឡានអគ្គិសនីពិភពលោក
តូក្យូ ៖ ក្រុមហ៊ុន Honda និង Nissan ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីការអភិវឌ្ឍ និងការស្រាវជ្រាវរួមគ្នាដ៏មានសក្តានុពលមួយ ដើម្បីជួយឱ្យក្រុមហ៊ុនជប៉ុនទាំងពីរអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនី (EV) ដទៃទៀត ជាពិសេសនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។
ប្រភពមួយបានបង្ហើបឱ្យដឹងថា ការពិភាក្សានោះ ស្ថិតក្នុងដំណាក់កាលដំបូង ហើយមិនមានការធានាថា កិច្ចព្រមព្រៀងមួយនឹងលេចចេញជារូបរាងទេ ដោយសារការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនផលិតឡានលំដាប់ទី២ និងទី៣ របស់ប្រទេសជប៉ុននេះ អាចមានភាពស្មុគស្មាញដោយសារហេតុផលជាច្រើន។
ប្រភពបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងណាមួយ ទំនងជាស្ថិតក្រោមការត្រួតពិនិត្យផ្នែកនយោបាយយ៉ាងតឹងរឹងនៅក្នុងប្រទេសជប៉ុន ពីព្រោះវាអាចនាំឱ្យមានការកាត់បន្ថយការងារធំៗ។ បន្ថែមលើនេះ Nissan ក៏ទំនងជាប្រឈមមុខនឹងការផ្អាកសម្ព័ន្ធភាពជាមួយនឹងក្រុមហ៊ុនផលិតឡានបារាំង Renault ផងដែរ។
យ៉ាងណា ក្រុមហ៊ុន Honda និង Nissan បានព្រមព្រៀងសហការគ្នាកាលពីខែមីនា នៅក្នុងអាជីវកម្មផលិតឡានអគ្គិសនី (EV) ហើយនៅក្នុងខែសីហា បានពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុនទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដោយយល់ព្រមធ្វើការជាមួយគ្នាលើការផលិតអាគុយឡាន និងបច្ចេកវិទ្យាផ្សេងៗទៀត។
សារព័ត៌មាន BBC បានរាយការណ៍ថា ទាំង Honda និង Nissan កំពុងបាត់បង់ចំណែកទីផ្សារឡាននៅក្នុងប្រទេសចិនយ៉ាងគំហុក ដែលស្មើនឹងប្រមាណ ៧០%នៃការលក់ឡានអគ្គិសនីនៅទូទាំងពិភពលោកនៅក្នុងខែវិច្ឆិកាឆ្នាំនេះ។
តួយ៉ាង ការលក់ឡានរបស់ក្រុមហ៊ុនជប៉ុនទាំងពីររួមបញ្ចូលគ្នាទូទាំងពិភពលោកមានចំនួនត្រឹមតែ ៧.៤លានគ្រឿងកាលពីឆ្នាំ២០២៣ ខណៈពួកគេកំពុងតស៊ូប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតឡានអគ្គិសនី ដូចជា BYD និង Tesla៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា