មិនមានការថយចុះ៖ ឆ្នាំ២០២៤ខេត្តកំពតការប្រមូលផលនេសាទសមុទ្របានជាង១៦.០០០តោន
កំពត៖ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតប្រមូលផលនេសាទសមុទ្របានចំនួន ១៦ ៥៣៩តោន ។ចំនួននេះប្រហាក់ប្រហែលនឹងផលនេសាទសមុទ្រឆ្នាំ២០២៣ ។មានមូលហេតុ និងកត្តាជាច្រើនរួមផ្សំធ្វើឱ្យធនធានជលផលសមុទ្រខេត្តកំពតមិនថយចុះ ទន្ទឹមប្រភេទសត្វសមុទ្រកម្រមួយចំនួនបានបង្ហាញវត្តមានក្នុងដែនសមុទ្រនៃខេត្តនេះទៀតផង។
លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានអធិប្បាយលើតួលេខនៃការប្រមូលផលសមុទ្រឆ្នាំនេះថា មិនមានការធ្លាក់ចុះទេ ។ការមិនធ្លាក់ចុះផលនេសាទសមុទ្រដោយសារមូលហេតុចម្បងៗមួយចំនួនក្នុងនេះ ទី១. ការចូលរួមដាំ និងពង្រីកផ្ទៃដីព្រៃដើមកោងកាងបន្ថែម, ឆ្នាំ២០២៤ ការងារបណ្តុះកូនកោងកាងបាន៣៥ ០០០ដើម ហើយបានដាំជិត៥ម៉ឺនដើម (បូកកូនកោងកាងសល់ពីឆ្នាំចាស់) ,ទី២.ការងារអភិរក្ស, រដ្ឋបាលជលផលមានកិច្ចសហការល្អជាអាជ្ញាធរដែនដី អង្គការដៃគូក្រៅរដ្ឋាភិបាល បានរៀបចំតំបន់ការពារជ្រូកទឹក ផ្សោតសមុទ្រ អណ្តើកសមុទ្រ ត្រីសេះសមុទ្រ នៅតាមសហគមន៍ ដូចជា សហគមន៍ត្រពាំងសង្កែ ព្រែកត្នោត ត្រពាំងរពៅ និងសហគមន៍ចង្ហោន,ទី៣.ការពារបទល្មើសនេសាទ, ការចូលរួមល្បាតតាមដែននេសាទសហគមន៍ ក៏ដូចជាដែនការពារជលផល ជាប្រចាំ និងបានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ទម្លាក់ប្រអប់សិប្បនិមិត្ត (ប្រអប់បេតុង) នៅតាមតំបន់សំខាន់ៗ ដែលជាជម្រកសត្វកម្រ បានមួយចំនួន ហើយបន្តបោះបង្គោលបេតុង និងទម្លាក់ប្រអប់សិប្បនិមិត្តបន្ថែមទៀត ដើម្បីការពារ ការលួចចូលមកនេសាទដោយប្រើទូកធំៗ នៅក្នុងតំបន់ហាមឃាត់។
លោកប្រធានបានបញ្ជាក់បន្ថែមលទ្ធផលនៃសកម្មភាពខាងលើ មិនត្រឹមតែជួយបង្កើនធនធានជលផលសមុទ្រប៉ុណ្ណោះទេ តែក៏បង្កើតឱកាសឱ្យប្រភេទសត្វកម្របានវិលត្រឡប់មកវិញ ដូចជា ផ្សោតផ្កាឈូកកើនឡើងដល់ជាង៧០ក្បាល , ផ្សោតក្បាលត្រឡោកកើនប្រហែល៥០ក្បាល និងលេចចេញវត្តមានផ្សោតអត់ព្រុយខ្នងជាច្រើននៅសហគមន៍ព្រែកត្នោត ត្រពាំងរពៅ និងចង្ហោនទៀតផង ។លោកបន្ថែមថា ក្រុមការងារសិក្សាស្រាវជ្រាវសត្វផ្សោតរបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញសត្វផ្សោតសរុបជាង១៧០ក្បាល នៅសហគមន៍ព្រែកត្នោត។
សូមជម្រាបថា ខេត្តកំពតមានស្មៅសមុទ្រចំនួន១១ប្រភេទលើផ្ទៃបាតសមុទ្រ៨ ៤៣៥ហិកតា ,ផ្កាថ្ម៩៥៣ហិកតា ព្រៃកោងកាង១ ៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។ធនធានដ៏ល្អប្រសើរទាំងនេះ បានជួយដល់ការងារនេសាទ នៅតែមាននិរន្តរភាព ។ផលនេសាទជាចំណូលសំខាន់មួយក្នុងចំណោមចំណូលដទៃរបស់ប្រជាពលរដ្ឋខេត្តកំពត៕
ដោយ៖ សិលា សារិន