ព្រះមហាក្សត្រ ស្ដេចយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន 

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន ។

អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល សមាជិក សមាជិកាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះញាតិវង្សានុវង្ស និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ ។

សូមជម្រាបថា អញ្ជើញអមព្រះរាជដំណើរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង ជាច្រើនទៀតផងដែរ។

ក្នុងព្រះរាជដំណើរព្រះរាជទស្សនកិច្ចនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន នៃសាសាធារណរដ្ឋប្រជាមានិតចិន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។

ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន សាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner