ការយល់ដឹងស៊ីជម្រៅពីវប្បធម៌ខ្មែរ និងបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយចេះស្រលាញ់ចូលរួមអភិរក្សកេរដំណែល និងលើកតម្កើនមរតកដូនតា

សៀមរាប៖ ខេត្តសៀមរាប គឺជាខេត្តមួយសម្បូរទៅដោយប្រាសាទបុរាណ ដែលដូនតាបុព្វបុរសជំនាន់មុនបន្សល់ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ មិនត្រឹមតែប៉ុណ្ណោះនៅតាមប្រាសាទនីមួយៗគឺមានចម្លាក់ជាតឹកតាងបង្ហាញអំពីប្រពៃណី និងវប្បធម៌ប្រវត្តិសាស្រ្តក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរសម័យមុន។ ដោយមើលឃើញពីភាពអស្ចារ្យទាំងអស់នោះហើយ ទើបសាលារៀន ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ហៅកាត់ថា GVA បានបង្កើតទស្សនកិច្ចសិក្សា ដោយបានដឹកនាំសិស្ស១២០នាក់ និងលោកគ្រូ-អ្នកគ្រូ១៧នាក់ សម្រាប់សិស្សវិទ្យាល័យពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ទៅកាន់ខេត្តសៀមរាបរយៈពេល២យប់និង៣ថ្ងៃ ដើម្បីសិក្សាស្វែងយល់ តាមសារមន្ទីរជាតិអង្គរ និងប្រាសាទបុរាណនានា។

លោក ម៉ុន សុខជា នាយកសាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានគូសបញ្ជាក់ថា ទស្សនកិច្ចសិក្សាដឹកនាំសិស្សមកកាន់ខេត្តសៀមរាបនេះ សាលាមានគោលដៅចង់ឱ្យសិស្សបានសិក្សាស្វែងយល់ស៊ីជម្រៅកាន់តែច្បាស់អំពីវប្បធម៌ប្រវត្តិសាស្រ្តនៃសម័កាលដ៏រុងរឿងរបស់ខ្មែរនាអាណាចក្រអង្គរ។ ទស្សនកិច្ចសិក្សារយៈ២យប់៣ថ្ងៃនេះ សាលាបានអញ្ជើញមគ្គុទេ្ទសក៍ទេសចរណ៍ជំនាញចំនួន ៥ រូប មកណែនាំពន្យល់ជូនសិស្សយ៉ាងច្បាស់លាស់ជូនដល់សិស្ស។ កាលណាសិស្សបានយល់ដឹងអំពីវប្បធម៌ប្រវត្តិសាស្រ្តរបស់ខ្លួនសិស្សមិនត្រឹមតែទទួលបាននូវចំណេះទាំងនោះទេ ពោលវាថែមទាំងបណ្តុះផ្នត់គំនិតពួកគេដែលជាកូនចៅជំនាន់ក្រោយចេះស្រលាញ់ ចូលរួមអភិរក្សថែរក្សាវប្បធម៌ដែលជាកេរដំណែលរបស់ដូនតាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងបានផ្តល់ជូននូវបទពិសោធន៍ដល់សិស្សឱ្យចេះអត់ធ្មត់ តស៊ូព្យាយាមដូចបុព្វបុរសខ្មែរជំនាន់មុនដែលបានតស៊ូកសាងប្រាសាទរហូតទទួលបានជោគជ័យ ដោយបានឆ្លាក់ចេញនៅក្បូរក្បាច់រចនាយ៉ាងល្អប្រណីត។

សិស្សានុសិស្សដែលបានចូលរួមក្នុងទស្សនកិច្ចសិក្សាដែលរៀបចំដោយសាលា មានរយៈពេល២យប់៣ថ្ងៃ នៅតាមសារមន្ទីរជាតិ និងប្រាសាទរបុរាណក្នុងខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍ថា ពេលបានមកដល់ផ្ទាល់អមជាមួយការពន្យល់យ៉ាងក្បោះក្បាលពីមគ្គុទ្ទេសក៍ទេសចរណ៍ ធ្វើឱ្យពួកគេមានអារម្មណ៍ភ្ញាក់ផ្អើល និងកោតសសើរជាខ្លាំង ចំពោះភាពអស្ចារ្យ នៃបុព្វបុរសជំនាន់មុន ដែលបានកសាងបានប្រាសាទយ៉ាងល្អប្រណីត ។ ការមកដល់ស្វែងយល់ដោយផ្ទាល់នេះ បានផ្តល់ចំណេះដឹងជាច្រើនអំពីវប្បធម៌ប្រវត្តិសាស្រ្ត នៃសម័យកាលដ៏រុងរឿងរបស់ខ្មែរសម័យមុន។ជាមួយគ្នានេះ ទស្សនកិច្ចសិក្សានេះ មិនត្រឹមតែទទួលបានចំណេះដឹងស៊ីជម្រៅពាក់ព័ន្ធនឹងវប្បធម៌ប្រវត្តិសាស្រ្តប៉ុណ្ណោះនោះទេ ថែមទាំងបង្រៀនឱ្យពួកគេមានភាពម្ចាស់ការលើខ្លួនឯង ចេះធ្វើការងារជាក្រុម និងមានការប្រាស្រ័យទាក់ទងល្អផងដែរ។

លោកគ្រូ អ៑ាប ឈុននីន គ្រូជីវវិទ្យា និង អ្នកគ្រូ កែវ សេរី គ្រូផែនដីវិទ្យា បានបង្ហាញចំណាប់អារម្មណ៍ចំពោះទស្សនកិច្ចសិក្សានេះដែរថា ការមកដល់ និងសិក្សាស្វែងយល់ដោយផ្ទាល់ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្ស ព្រោះវាបានបង្ហាញឱ្យសិស្សបានយល់ពីសម័កាលនីមួយៗមានឥទ្ធិពលខុសគ្នាបែបណា ដឹងពីភាពរីកចម្រើនខុសគ្នាបែបណានៅរាជកាលស្តេចរបស់ខ្មែរនាសម័យនោះ ពិសេស ធ្វើឱ្យពួកគេជាកូនចៅជំនាន់ក្រោយមានមោទកភាពចំពោះ

ក្នុងដំណើរទស្សនកិច្ចអមជាមួយសិស្សមកកាន់ខេត្តសៀមរាប អ្នកគ្រូបង្រៀនភាសាអង់គ្លេស Amani Pearson មកពីទីក្រុង Denver, រដ្ឋ Colorado, សហរដ្ឋអាមេរិក បង្រៀននៅសាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានលើកសសើរ និងកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការកសាងប្រាសាទបុរាណរបស់បុព្វបុរសខ្មែរ និងចម្លាក់វប្បធម៌នៅតាមជញ្ជាំងប្រាសាទ។ អ្នកគ្រូសង្ឈឹមជឿជាក់ថា ទស្សនកិច្ចសិក្សាដែលរៀបចំដោយសាលា សិស្សានុសិស្សនឹងទទួលបានចំណេះដឹងស៊ីជម្រៅនាំយកត្រឡប់ទៅវិញ។

ទស្សនកិច្ចសិក្សាដែលបង្កើតឡើង ដោយសាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូបវើលវ៉ាយ សម្រាប់សិស្សវិទ្យាល័យនេះ ក្នុង១ឆ្នាំៗ មានយ៉ាងហោចណាស់៤ទៅ៥ដង ក្នុងនោះក៏មានទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសដូចជាសិង្ហបូរីផងដែរ។ ទស្សនកិច្ចសិក្សាត្រូវបានចាត់ទុកជាផ្នែកមួយជួយផ្តល់ចំណេះដោយការមើលឃើញ និងអនុវត្តដោយផ្ទាល់ ដែលអាចជួយឱ្យសិស្សទទួលបាននូវបទពិសោធន៍ និងភាពរឹងមាំ ក្លាយជាបុគ្គលមានម្ចាស់ការលើខ្លួនឯង មានទំនូលខុសត្រូវខ្ពស់ និងចេះជួយការងារសង្គម មានគំនិតចេះជួយអភិរក្ស និងអភិវឌ្ឍរាល់ការងារនៅក្នុងសង្គមជាតិ៕

រូបភាព ជីម ភារ៉ា ផលិត ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner