វៀតណាមរឹតបន្តឹងនៅព្រលាន្ត ចំពេលផ្ទុះជំងឺដ៏អាថ៌កំបាំងលើកុមារ
បរទេស ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ បាននិងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុខភាព នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ចំពេលមានការផ្ទុះឡើងនៃជំងឺដ៏អាថ៌កំបាំង វាយលុកលើកុមារ ភាគច្រើន នៅប្រទេសកុងហ្គោ។
កាសែត VNexpress បានចេញផ្សាយថា រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ក្អក ហៀរសំបោរ និងឈឺសាច់ដុំ។ ករណីភាគច្រើន កើតមានលើកុមារ ក្នុងនោះ អាយុក្រោម៥ឆ្នាំ ប្រឈមខ្លាំង។ ករណីធ្ងន់ធ្ងរទាំងអស់ ត្រូវបានរកឃើញថា មានការខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
វៀតណាមថា វិធានការរឹតបន្តឹងការត្រួតពិនិត្យ នៅព្រលាន្ត មានគោលបំណងស្វែងរកករណីឆ្លង ឬសង្ស័យឱ្យបានទាន់ពេលវេលា ដើម្បីចាត់វិធានការឆ្លើយតបសមស្រប និងទាន់ពេលវេលា។
កាលពីថ្ងៃទី ១២ ខែធ្នូ នាយកដ្ឋានឱសថបង្ការជំងឺឆ្លង នៃក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ទាក់ទងនឹងករណីជំងឺមិនស្គាល់មុខ នៅប្រទេសកុងហ្គោ នៃទ្វីបអាហ្វ្រិក។
យោងតាមអង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កុងហ្គោបានរាយការណ៍ពីករណីជំងឺមិនស្គាល់អត្តសញ្ញាណ ចំនួន ៤១៦ករណី ដោយមានអ្នកស្លាប់ចំនួន ៣១ នាក់ ដោយអត្រាមរណភាព មាន៧.៦% ៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត