ឆេះខារ៉ាអូខេវៀតណាម សម្លាប់មនុស្ស១១នាក់
ហាណូយ៖ ប៉ូលិសវៀតណាមបាននិយាយថា អគ្គីភ័យបានឆាបឆេះខារ៉ាអូខេមួយកន្លែង នៅក្នុងទីក្រុងហាណូយ សម្លាប់មនុស្សចំនួន ១១នាក់ និង ២នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃពុធ។
ប៉ូលិសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សង្ស័យថា ជាចេតនាដុតបំផ្លាញ ហើយក៏មានការចាប់ខ្លួនជនល្មើសម្នាក់ ផងដែរ»។ ប្រភពបានថា ជនសង្ស័យបានទៅទីនោះ ផឹកស្រាបៀរ ហើយមានជម្លោះ ជាមួយបុគ្គលិក។ បន្ទាប់មក រូបគេត្រូវបានចោទប្រកាន់ថា បានទិញសាំងមកចាក់ក្បែរទីតាំងដែលមានម៉ូតូជាច្រើនគ្រឿង ទើបបណ្តាលឲ្យផ្ទុះឆេះ។
គួរបញ្ជាក់ថា វៀតណាមបានបិទហាងខារ៉ាអូខេ រាប់ពាន់កន្លែង នៅទូទាំងប្រទេស ដោយសារការមិនគោរពច្បាប់ ជុំវិញការគ្រប់គ្រងអគ្គិភ័យ។ ជាងពីរភាគបី នៃហាងខារ៉ាអូខេ នៅវៀតណាមសរុប១៥,០០០កន្លែង ត្រូវបានបង្ខំ ឱ្យបិទទ្វារ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដកស្រង់ប្រភពពីប៉ូលីស។
ឧបទ្ទវហេតុចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីមនុស្សចំនួន៦នាក់ រួមទាំង មន្ត្រីប៉ូលីស ៤នាក់ ត្រូវបានចាប់ដាក់គុក កាលពីខែតុលា ជុំវិញអគ្គីភ័យ ដែលបានឆាបឆេះហាងខារ៉ាអូខេ កាលពី២ឆ្នាំមុន ដែលបានសម្លាប់មនុស្ស ៣២នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត