មន្រ្តីទេសចរណ៍៖ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសកើនឡើងជាង២២ភាគរយ ទូទាំងប្រទេស
កំពង់ឆ្នាំង៖ក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សុខាញូវយ៉ក ក្រុងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពវិស័យទេសចរណ៍បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ។ដោយឡែកឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបាន
កើនឡើងគួរកត់សម្គាល់ ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោយពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិកើនវិញគួរឱ្យកត់សម្គាល់ ។ឆ្នាំ២០២៤ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិជាង៦ លាននាក់ គឺកើនឡើង ២២ភាគរយ និងភ្ញៀវទេសចរជាតិជាង ២០លាននាក់កើនឡើង១៩.៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
ទាក់ទងនឹងសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា សិក្ខាសាលាពិតជាមានសារៈសំខាន់ក្នុងការចូលរួមពង្រឹងគុណភាព សង្គតិភាព និងភាពស៊ីច្រវាក់គ្នានៃប្រព័ន្ធទិន្នន័យទេសចរទូទាំងរាជធានីខេត្ត សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ស្ថិតិទូទៅក៏ដូចជាការតាមដាន និងវាយតម្លៃដំណើរការ រីកចម្រើននៃវិស័យទេសចរណ៍ ព្រមទាំងជាមូលដ្ឋាន មិនអាចខ្វះបានក្នុងការរៀបផែនការយុទ្ធសាស្ត្រអភិវឌ្ឍនៃវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនរឹងមាំល្អប្រសើរថែមទៀត ។
ដើម្បីឱ្យការងារស្ថិតិទេសចរណ៍កាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពមួយកម្រិតទៀត ឯកឧត្តមរដ្ឋលេខាធិការបានផ្ដល់នូវការណែនាំមួយចំនួន ។ក្នុងនោះ ត្រូវបន្តពង្រឹងការប្រមូលរៀបចំចងក្រងទិន្នន័យទេសចរណ៍ប្រកបដោយគុណភាពនិងការទទួលខុសត្រូវដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិ ភាពស៊ីច្រវាក់ក្នុងវិស័យស្ថិតិទេសចរណ៍ដោយរួមបញ្ចូលទស្សនៈទានការច្នៃប្រឌិត និងនវានុវត្តន៍ ។ការទាញផលប្រយោជន៍ពីបច្ចេកទេសទូរគមនាគមន៍ និងព័ត៌មានវិទ្យាដើម្បីឱ្យមានសង្គតិភាព និងទិន្នន័យនៅទូទាំងរាជធានីខេត្ត ឈានទៅកសាងមូលទិន្នន័យទេសចរណ៍ ឌីជីថល ។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងមានរមណីយដ្ឋានទេសចរណ៍ ,សហគមន៍ទេសចរណ៍ចំនួន២៥កន្លែង ក្នុងនោះមាន សហគមន៍ទេសចរណ៍៤កន្លែង,រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ១០កន្លែង និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ១៥កន្លែង ។ខេត្តមានសណ្ឋាគារ៨ កន្លែង,ផ្ទះសំណាក់៤៩ កន្លែង,ភោជនីយដ្ឋាន និងអាហារដ្ឋានមធ្យម តូចចំនួន១៣១កន្លែង។ក្នុងឆ្នាំ២០២៤គិតត្រឹមខែវិច្ឆិកា ភ្ញៀវទេសចរជាតិមកកម្សាន្តខេត្តកំពង់ឆ្នាំងមានចំនួន១.៩១៤.៦៩៩នាក់និងភ្ញៀវទេសចរបរទេសចំនួន២០.៨៦៧នាក់។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និងថ្ងៃទី១៩ ខែធ្នូ៕
ដោយ៖សុខ គឹមសៀន