រដ្ឋមន្រ្តីក្រសួងវប្បធម៌ ចាត់ទុកព្រឹត្តិការណ៍សប្តាហ៍ ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ ជាការលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌ រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ

(ភ្នំពេញ)៖ ការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៦ នៅកម្ពុជា ត្រូវបានរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌ រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដូច្នេះក្នុងពិធីបើក សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ ក្រោមការចូលរួមពីឯកឧត្តម ឈិន ឆុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការិនី ដែលអញ្ជើញមកពីប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ។

ឯកឧត្តម ឈិន ឆុង បានមានប្រសាសន៍ថា ខ្សែភាពយន្ត គឺជាមធ្យោបាយផ្សព្វផ្សាយសិល្បៈ និងជាស្ថានតភ្ជាប់វប្បធម៌ដ៏សំខាន់ ខណៈសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ មានតួនាទីជំរុញឱ្យមានការផ្លាស់ប្ដូរស៊ីជម្រៅ នៃឧស្សាហកម្មភាពយន្តនៅក្នុងបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ បង្កើតបានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ។ ឯកឧត្តម បានសូមឱ្យបន្តយកភាពយន្តជាមធ្យោបាយ តាមរយៈការរួមគ្នាបណ្តាក់ទុន រួមសហការផលិត ចែករំលែកធនធាន បំពេញគុណសម្បត្តិពីគ្នាទៅវិញទៅមក រួមគ្នាលើកកម្ពស់ការវឌ្ឍន៍ឧស្សាហកម្មភាពយន្តក្នុងប្រទេសអនុតំបន់ឡានឆាង-មេគង្គ ដើម្បីឱ្យស្នាដៃភាពយន្តឆ្នើមៗមកពីបណ្តាប្រទេសអនុតំបន់ ឡានឆាង-មេគង្គ បានចូលទៅក្នុងចាកអន្តរជាតិពិភពលោកកាន់តែច្រើន ។

លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា អនុតំបន់ឡានឆាង-មេគង្គ ដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងប្រទេសចិន ត្រូវបានទទួលស្គាល់ថា ជាតំបន់ដែលមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងមានប្រវត្តិសាស្ត្រដ៏យូរលង់។ ភាពយន្ត គឺជាភាសាសកលដែលងាយនឹងឆ្លងព្រំដែន ហើយលើសពីនេះ ភាពយន្តក៏មាន លក្ខណៈពិសេស និងជាស្ពានក្នុងការតភ្ជាប់ទំនាក់ទំនង បង្កើតការយល់ដឹងពីគ្នាទៅវិញមក ព្រមទាំងជាមធ្យោបាយក្នុងការចែករំលែករឿងរ៉ាវប្រកបដោយភាពច្នៃប្រឌិដ្ឋ។ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៦ នេះ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការពូនជ្រុំ នូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមក ក្នុងចំណោមប្រជាជាតិនានា ព្រមទាំងជាសកម្មភាពនៃការលើកកម្ពស់កិច្ចសន្ទនាក្នុងវិស័យវប្បធម៌ និងកិច្ចសហប្រត្តិការយ៉ាងជិតស្និទ្ធ រវាងបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ។

គួរបញ្ជាក់ថា សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ រាត្រីឡានឆាង-មេគ្គង តារារះដ៏ត្រចះត្រចង់ ជួបមិត្តជជែករឿងកុន មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ និងធ្វើការចាក់បង្ហាញភាពយន្តឱ្យទស្សនិកជនទស្សនា ទទួលបាននូវចំណីអារម្មណ៍ប្លែកៗអំពីខ្សែរភាពយន្តជាច្រើនរឿង មកពីប្រទេសជាសមាជិគទាំង៦ របស់ឡានឆាងមេគ្គងផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner