អ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានត្រីប៉ាវ៉ាមុខពីរមួយក្បាល ទម្ងន់ជាងប្រាំមួយគីឡូក្រាម លក់បានជាងមួយលានរៀល

ស្ទឹងត្រែង៖ ត្រីប៉ាវ៉ាមុខពីរ ដែលត្រូវបានចាត់ទុកជាត្រីងាយរង​គ្រោះ​មួយក្បាលទម្ងន់ជាងប្រាំមួយគីឡូក្រាមត្រូវបាន អ្នកនេសាទ​នៅខេត្ត​ស្ទឹងត្រែងចាប់បានកាលពីថ្ងៃទី១៨ ខែធ្នូ។មច្ឆាជាតិនេះលក់​បានតម្លៃ​រហូតជាង​មួយលានរៀល នៅទីផ្សារ។

ប្រជានេសាទបានប្រាប់ឱ្យដឹងថា ត្រីមួយក្បាលដែលទើបចាប់បាននេះ មានឈ្មោះថា ត្រីប៉ាវ៉ាមុខពីរ ,មានទម្ងន់ជាង ប្រាំមួយគីឡូក្រាម ។លក់បានក្នុងមួយគីឡូក្រាម តម្លៃជិត ២០ម៉ឺនរៀល ជាសរុបមានតម្លៃ​រហូតដល់ទៅជាងប្រាំមួយ​លានរៀល ។

ត្រីប៉ាវ៉ាមុខពីរនេះ ត្រូវគេចាត់ទុកក្នុងលំដាប់ត្រីលេខ២ បន្ទាប់ត្រីប៉ា​សេអ៊ី អំពីរសជាតិ។ ចំពោះ ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ ដែលមាន​តម្លៃខ្ពស់បែប​នេះប្រជាពលរដ្ឋសាមញ្ញកម្រនឹងហ៊ានទិញយក​ទៅ​បរិភោគណាស់។

អ្នកលក់ត្រីបាននិយាយថា ហេតុដែលគេហៅត្រីប៉ាវ៉ាមុខពីរ ក៏ព្រោះតែ​ច្រមុះវាមានបន្លាមុខពីរ មានធ្មេញខុសពីត្រីដទៃ ។សម្បុរវាមាន​ពណ៌​លឿងទុំ ។គេអាចយកវាទៅស្ងោជ្រក់,ចំហុយ,អាំង ,ធ្វើផ្អក ឬ អាចវះធ្វើ​ត្រីងៀតជាដើម។

កាលពីជាង១០ឆ្នាំមុន ត្រីប្រភេទនេះពុំសូវមានតម្លៃខ្ពស់នោះទេ ហើយក៏ពុំសូវមានអ្នកចង់ទិញយកទៅបរិភោគដែរ ប៉ុន្តែ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ត្រីប្រភេទនេះកាន់តែថយចុះខ្សត់ទៅៗ ទើបវាមានតម្លៃ​កាន់តែខ្ពស់ឡើងៗ។

អង្គការ Wonders of the Mekong បាននិយាយពី ត្រីប៉ាវ៉ាមុខពីរ ថា វាមានឈ្មោះបែបវិទ្យាសាស្រ្ត Incisilabeobehri ។វាជិតផុតពូជ​ពីលើភពផែនដីទៅហើយ។ ត្រីប៉ាវ៉ាមុខពីរ បានធ្វើដំណើរចេញ​ពីទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ។ ប្រហែលវាចុះទៅដល់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ឬ អាចហែល​ទៅ​ដល់ប៉ែកខាងត្បូង ប្រទេសឡាវ និងភាគឦសានប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ វាមានពងកូននៅចំ​កណ្តាលទន្លេសេកុង ក្នុងខែកក្កដា និងខែសីហា។ វាអាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ។

ត្រីប៉ាវ៉ាមុខពីរបានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពី​ឆ្នាំ២០១១ ថា ជាប្រភេទត្រីងាយរងគ្រោះ៕


ដោយ៖ឡុង សំបូរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner