“សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖​រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤​បានប្រារព្ធទិវាពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ក្រោមវត្តមានចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីជាថ្នាក់ដឹកនាំ​ជុំវិញខេត្តនិងមន្រ្តីពាក់ព័ន្ធនានាយ៉ាងច្រើនកុះករ។

ក្នុងពិធីដែលប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្ត លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា កម្ពុជាតាមរយៈការអង្កេត អត្រាប្រេវ៉ាឡង់របស់មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ បានបង្ហាញ​ឱ្យឃើញ​ថានៅឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ នៅលើមនុស្សពេញវ័យអាយុពី ១៥ ទៅ៤៩ ឆ្នាំមានចំនួន ១.៧ភាគរយ​ហើយមានការថយចុះមកត្រឹម០.៧ភាគរយនៅឆ្នាំ ២០១៣ និងបាន​បន្ត​​ថយចុះមកនៅត្រឹម ០.៦ភាគរយ នៅឆ្នាំ២០១៤ ដល់ ឆ្នាំ២០២៣ ហើយបន្តថយចុះមកត្រឹម ០.៥ភាគរយ នៅឆ្នាំ២០២៤ នេះ។

ការថយចុះនៃអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នេះ ត្រូវបានលោកប្រធានមន្ទីរ​បញ្ជាក់ថាជាលទ្ធផលនៃ​កិច្ចខិតខំប្រឹងប្រែងរួមគ្នា​ជាពហុវិស័យក្នុងការ​ចូលរួមទប់ស្កាត់នូវការរីករាលដាលនេះ ។ខេត្តបន្ទាយមានជ័យមាន​កិច្ចសហការ គ្នាយ៉ាងសកម្ម​រវាងស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជននានា។ខេត្តមានយុទ្ធសាស្ត្រធំៗបីសំខាន់ គឺ វិធានការ​ការពារ, ការព្យាបាលថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងការគ្រប់គ្រងផ្នែកសម្របសម្រួល។

ក្នុងឱកាសនេះដែរឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងទិវា​ពិភព​លោកប្រយុទ្ធនឹងជំងឺ​អេដស៍ ថ្ងៃទី១ ធ្នូ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តដ៏មោះ​មុតជា​មួយ​អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ឱ្យ​ជោគជ័យនៅ​ឆ្នាំ២០២៥ខាងមុខ៕

ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner