ឆ្នាំនេះគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងកើនឡើងទ្វេដង
កំពង់ឆ្នាំង៖យោងតាមរបាយការណ៍បញ្ជាក់ដោយអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ខេត្តកំពង់ឆ្នាំងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៧៣ ករណី ស្មើនឹង១០៣ភាគរយ និងបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៥៥នាក់ ។
ក្នុងពិធីទិវាជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅមុខសាលាខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ,ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ថា ឆ្នាំ២០២៤គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅខេត្តនេះបានកើតឡើងចំនួន៧៣ករណី ខណៈឆ្នាំ២០២៣កើតឡើងចំនួន៣៧ ករណី ។តួលេខនេះបង្ហាញថា ចំនួនគ្រោះថ្នាក់ឆ្នាំ២០២៤បានកើនឡើងស្មើនឹង១០៣ភាគរយ ។គ្រោះថ្នាក់កើតឡើងចំនួន៧៣ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៥៥នាក់ , រងរបួសរបួសធ្ងន់ ៥៥ នាក់, រងរបួសស្រាល១០៩នាក់ ,ខូចខាតរថយន្តសរុបចំនួន៦៨ គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់ ២៦ គ្រឿង រថយន្តធុនស្រាល៤១ គ្រឿងនិងទោចក្រយានយន្តចំនួន៦៣គ្រឿង ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើងនិងអូសបន្លាយរយៈពេលវែង ប្រសិនបើយើងមិនមានវិធានក្នុងការទប់ស្កាត់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមអនុវត្តច្បាប់ពីអ្នកប្រើប្រាស់ផ្លូវគ្រប់ៗរូប ។
ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា ជាមួយនឹងការកសាងសេចក្តីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីអនុវត្តស្របនឹងស្ថានភាពជាក់ស្ដែងនៃកសាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក២០២០-២០៣០ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចដាក់ចូលក្នុងគោលនយោបាយគ្រោះថ្នាក់នេះទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានណែនាំឱ្យអនុវត្តជាក់ស្តែងលើការងារចំពោះមុខមួយចំនួនដែលក្នុងនោះគឺការបង្កើនវិធានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានច្បាស់លាស់ ពិសេសសម្រាប់ភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន ។ប្រធានអនុគណៈកម្មាធិការខេត្ត យកចិត្តទុកដាក់តម្រង់ទិសក្នុងការអនុវត្ត និងរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទៀងទាត់ និងម៉ឺងម៉ាត់បំផុត ។នៅតាមសាលារៀន គួរតែបង្កើតឱ្យមានសួនសិប្បនិម្មិត ស្ដីពីសុវត្ថិភាពចរាចរណ៍ ទៅតាមស្តង់ដារមួយ ដើម្បីឱ្យសិស្សស្វែងយល់ស្តីពីការប្រើប្រាស់ដងផ្លូវ ។ការដឹកជញ្ជូនកម្មកររោងចក្រ ,គ្រប់គ្រងដីចំណីក៏ស្ថិតក្នុងការយកចិត្តទុកត្រួតពិនិត្យឱ្យបានម៉ឹងម៉ាត់ផងដែរ៕
ដោយ៖សុខ គឹមសៀន