ផ្សព្វផ្សាយ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”
(ភ្នំពេញ)៖ លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា ហៅកាត់ថា គ.ស.ស. នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ដល់សាធារណជន និងភាគីពាក់ព័ន្ធនានាឱ្យបានជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត អំពី គោលបំណងរួម, ខ្លឹមសារ និងសារៈសំខាន់ នៃផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាការបង្ហាញនូវ មុខងារ និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន នីមួយៗ ដែលនឹងត្រូវចូលរួមអនុវត្តផែនទីបង្ហាញផ្លូវនេះ ផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប៍នពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ប្រមាណ ១០០ នាក់។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ គូសបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល នៃអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុ ជាការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងដំណើរឆ្ពោះទៅ អនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុ ដោយបានគាំទ្រ “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល (SDGs)” ហើយបានអនុម័តការធ្វើជាតូបនីយកម្មទៅជា “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs)”។
ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាល មានគោលដៅធានាឱ្យពលរដ្ឋទាំងអស់មានលទ្ធភាពទទួលបានសេវាសុខាភិបាលដែលពួកគេត្រូវការ ប្រកបដោយគុណភាពនៅគ្រប់ទីកន្លែង និងពេលមានតម្រូវការ ដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ ដែលសេវាទាំងនោះរួមមាន ចាប់ពីការលើកកម្ពស់សុខភាព ការបង្ការជំងឺ រហូតដល់ការព្យាបាល ការស្តារនីតិសម្បទា និងការថែទាំសម្រន់។ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ បានកំណត់គោលដៅជាក់លាក់ ចំនួន ៣ រួមមាន ៖ ទី១.ការពង្រីកវិសាលភាពនៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម ឱ្យបាន ៨០% នៃពលរដ្ឋសរុប; ទី២.ការបង្កើនសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០% និងទី៣.ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើវិស័យសុខាភិបាល ។
គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋគ្រប់រូប ដោយចាត់ទុកការទទួលបានការថែទាំសុខភាព ជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និង ធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ និង ត្រូវបានទុកចោល ដោយមិនមានការយកចិត្តទុកដាក់ ក្នុងការពិនិត្យ និង ការព្យាបាលថែទាំ ដោយប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា