ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពិនិត្យការសាង​សង់ផ្ទះថ្មី និងសួរសុខទុក្ខអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី លើដីសម្បទានសង្គមកិច្ច

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណ:កម្មាធិកា​រសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោកជុំ វិរៈ អភិបាលរងស្រុកសន្ទុក បានអញ្ជើញពិនិត្យការសាងសង់ផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលទើបមករស់នៅថ្មី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។

ប្រធានគណ:កម្មាធិការ បានបញ្ជាក់ថា ដោយបានការយកចិត្តទុកដាក់​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី​នាយឧត្តមសេនីយ៍ គន់ គីម កន្លង​មកនេះ បានផ្ដល់ជូនអតីតយុទ្ធ​ជនចំនួន១៤១គ្រួសារមានជីវភាពលំបាកខ្វះខាត មានផ្ទះចំនួនមួយ​ខ្នងទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ មានបង្គន់អនាម័យ ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួន មួយហិកតាកន្លះ ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន មានរយៈពេលជាង៣ ឆ្នាំកន្លងមកហើយ ។ដោយឡែកបច្ចុប្បន្នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ដេចបានផ្ដល់ផ្ទះចំនួន៦៥ខ្នង និងដីសម្បទាន​សង្គមកិច្ច ក្នុងមួយគ្រួសារ ១ហិកតា ជូនដល់ក្រុមគ្រួសារតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៦៥គ្រួសារ​ថ្មីទៀត ដែលកំពុងដំណើរការសាងសង់។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារទៅចែកជូនអតីតយុទ្ធជនផងដែរ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner