រាជធានីថៃប្រឈមខាតមួយឆ្នាំជាង ១១ពាន់លានដុល្លារ ព្រោះការបំពុលខ្យល់

បាងកក ៖ រាជធានីបាងកក របស់ប្រទេសថៃ បានប្រឈមមុខនឹងការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំជាង ៤០០ពាន់លានបាត ឬជាង ១១ពាន់លានដុល្លារ ដោយសារតែបញ្ហាបំពុលបរិយាកាស ជាពិសេសកំហាប់ភាគល្អិតក្នុងខ្យល់ PM2.5។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Thaiger។

រាជធានីបាងកក និងទីក្រុងឈៀងម៉ៃ ភាគខាងជើង បានជាប់ចំណាត់ថ្នាក់បំពុលបរិយាកាសខ្លាំងបំផុតលើពិភពលោក នៅថ្ងៃខ្លះកាលពីឆ្នាំមុន។ ជារួម បញ្ហាគុណភាពខ្យល់ទាបតែងញាំញីប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែផ្សែងពុលទាំងនោះ កើតចេញពីកសិករដុតច្ការព្រៃ, ការបំភាយផ្សែងពុលចេញពីរោងចក្រឧស្សាហកម្ម និងផ្សែងឡានជាដើម។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ ហៅកាត់ NESDC បានព្រមានថា រដ្ឋាភិបាលត្រូវតែធ្វើការងារបន្ថែមទៀត ដើម្បីដោះស្រាយការបំពុលបរិយាកាស ខណៈមនុស្សជាង ១០លាននាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែបញ្ហាសុខភាពទាក់ទងនឹងការបំពុលបរិយាកាសនៅឆ្នាំ២០២៣។

PM2.5 សំដៅលើភាគល្អិតតូចៗដ៏មានគ្រោះថ្នាក់ អាចជ្រៀតចូលទៅក្នុងចរន្តឈាមរបស់មនុស្ស តាមរយៈសួត ដែលបណ្តាលឱ្យរមាស់ ក្អក និងថប់ដង្ហើម ហើយបើធ្ងន់ធ្ងរ អាចឈានដល់ការបាត់បង់ជីវិត។

ធនាគារពិភពលោក ហៅកាត់ (WB) បានប៉ាន់ប្រមាណថា ការចំណាយលើសេវាថែទាំសុខភាពពិភពលោក ដោយសារការបំពុលបរិយាកាសមានចំនួន ៨,១ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងចំនួន ៦,២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកកាលពីឆ្នាំ២០២៣៕

ប្រភព ៖ The Thaiger ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner