ក្រុមហ៊ុនវៀតណាមដំណើរការឡានតាក់ស៊ីអគ្គិសនី នៅឥណ្ឌូនេស៊ី
បរទេស៖ ក្រុមហ៊ុនវៀតណាម Xanh SM បានដាក់ដំណើរការឡានតាក់ស៊ីអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានមហិច្ចតាដាក់ពង្រាយ រហូតដល់ចំនួន ១,០០០គ្រឿង ត្រឹមឆ្នាំ២០២៥។
ផ្អែកតាមការចេញផ្សាយ របស់គេហទំព័រ Deal Street Asia អំឡុងពិធីបើកដំណើរការ សេវាតាក់ស៊ីអគ្គិសនី នៅឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ តាក់ស៊ី Xanh SM ត្រូវបានលើកឡើងថា មានត្រឹមចំនួន៧០០គ្រឿង នៅថ្ងៃដំណើរកាផ្លូវការ។ ប៉ុន្តែ នៅឆ្នាំ២០២៥ ក្រុមហ៊ុនមានផែនការប្រកបដោយហិច្ចាតាដាក់ពង្រាយ ដល់១,០០០គ្រឿង ទូទាំងប្រទេស នេះបើតាមលោក Nguyen Van Thanh ដែលជានាយកប្រតិបត្តិរបស់ Xanh SM។
ជាមួយគ្នានេះ កាសែត Vietnamplus បានចុះផ្សាយថា នេះជាលើកទីមួយ ហើយដែលសេវាតាក់ស៊ីអគ្គិសនី ត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានគេរំពឹងថា នឹងបំពេញតម្រូវការដឹកជញ្ជូន ដែលនឹងកើនឡើង ក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំសកល ខាងមុខនេះ។
ក្រសួងវិនិយោគ និងឧស្សាហកម្មឥណ្ឌូនេស៊ី ចាត់ទុក វត្តមានរបស់ Xanh SM មិនត្រឹមតែលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងបរទេស នៅក្នុងសេដ្ឋកិច្ចបៃតងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើតឱកាសថ្មី សម្រាប់ការច្នៃប្រឌិតការងារផងដែរ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto មានបំណងសម្រេចបាននូវការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ២០៦០ ឬ ក៏អាចត្រឹមឆ្នាំ២០៥០។ ឥណ្ឌូនេស៊ី គឺជាទីផ្សារសេវាកម្មតាក់ស៊ីអគ្គិសនី ក្រៅប្រទេស ទីពីរ របស់ក្រុមហ៊ុន Xanh SM បន្ទាប់ពីប្រទេសឡាវ៕
ប្រភពពី៖ Vietnamplus, Deal Street Asia ប្រែសម្រួល៖ សារ៉ាត