ទណ្ឌិតចំនួន ២៤០នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនៅក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌បានឱ្យដឹងថាគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានសម្រេចនៅថ្ងៃព្រហស្បតិ៍នេះដោយធ្វើការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន ២៤០នាក់នៅក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥ខាងមុខ។

យោងតាមក្រសួងយុត្តិធម៌បានឱ្យដឹងថាក្នុងកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៣៣៥ នាក់ (ស្រី ៣៩ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។

ជាលទ្ធផលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ២៤០ នាក់ (ស្រី ២៦ នាក់) ក្នុងនោះរួមមាន៖ ទី១)ទណ្ឌិតចំនួន ១៨៣ នាក់ (ស្រី ១៥ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ,ទី២)ទណ្ឌិតចំនួន ៥២ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ។ទី៣)ទណ្ឌិតចំនួន ៥ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ ចំពោះទណ្ឌិតចំនួន ៩៥ នាក់ (ស្រី ១៣ នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ហិង្សាមានស្ថានទម្ងន់ទោស, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុករំលោភសេពសន្ថវៈលើកូនរបស់ខ្លួន ជាដើម។

គណៈកម្មការថ្នាក់ជាតិ ក៏បានសម្រេចបញ្ចូលទណ្ឌិតចំនួន ២នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកូនស្រី បង្កើតខ្លួន ទៅក្នុងបញ្ជីឈ្មោះទណ្ឌិតដែលមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោស (Black List)។ ដោយគិតមកដល់ ពេលបច្ចុប្បន្ននេះ, ទណ្ឌិតដែលត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះ (Black List) មានចំនួន ៦៨នាក់ ដែលសុទ្ធសឹងតែជាទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ, សាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីឃាតកម្ម, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬ ជីតា រំលោភសេពសន្ថវៈលើកូន ឬ ចៅរបស់ខ្លួនជាដើម។

ក្នុងកិច្ចប្រជុំនេះគណៈកម្មការថ្នាក់ជាតិ បានធ្វើការពិនិត្យលើគោលការណ៍មួយចំនួនដែលបានអនុវត្តនាពេលកន្លងមក និងបានសម្រេចដាក់ចេញនូវគោលការណ៍ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖ ឧក្រិដ្ឋជនគ្រឿងញៀន,អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក, ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី១ភាគ៣នៃរយៈពេលផ្តន្ទាទោស។ ដោយឡែកចំពោះសំណើលើកលែងទោស គណៈកម្មការជាតិនឹងបន្តរឹតបន្តឹងក្នុងការពិនិត្យ លើកលែងតែករណីចាំបាច់មួយចំនួន ឬហេតុផលមនុស្សធម៌តែប៉ុណ្ណោះ ។

ក្រសួងយុត្តិធម៌បានឱ្យដឹងដែរថាគណៈកម្មការបន្តកំណត់ដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ Blacklist នូវទណ្ឌិតទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសដូចជា៖ បទឧក្រិដ្ឋដែលជាអំពើសាហាវយ៉ង់ឃ្នង, អំពើរំលោភផ្លូវភេទ លើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន ។

ក្នុងពេលឆាប់ៗខាងមុខ គណៈកម្មការថ្នាក់ជាតិ គ្រោងនឹងរៀបចំកិច្ចប្រជុំពិសេសពាក់ព័ន្ធនឹងទណ្ឌិតជាស្ត្រីនៅក្នុងពន្ធនាគារ ដោយផ្តោតជាសំខាន់ទៅលើទណ្ឌិតជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមម្តាយ មកពិនិត្យ និងពិភាក្សា ដើម្បីទទួលបានការអនុគ្រោះទោស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner