ស្រូវតាមច្រកព្រំដែន និងស្រុក ក្រុងមួយចំនួននៅ ខេត្ត តាកែវ មានតម្លៃចាប់ពី១០៣០ – ១៤២០រៀល ក្នុងមួយគីឡូក្រាម

(ភ្នំពេញ)៖ តម្លៃស្រូវនៅក្បែរច្រកព្រំដែនកម្ពុជា-វៀតណាមដែលក្នុងនេះនៅច្រកទ្វារភ្នំដិន ស្រុកគិរីវង់ និងនៅតាមស្រុក ក្រុងមួយចំនួនទៀតស្ថិតនៅខេត្តតាកែវ ត្រូវបានឈ្មួញ និងរោងម៉ាស៊ីនស្រូវប្រមូលទិញក្នុងតម្លៃ ចាប់ពី ១០៣០ ដល់ ១៤២០រៀលក្នុងមួយគីឡូក្រាម។

ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ តម្លៃស្រូវ និងការនាំចេញស្រូវ តាមច្រកព្រំដែនខេត្តតាកែវ ។

ក្នុងដំណើរចុះត្រួតពិនិត្យ លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា មន្រ្តីជំនាញបានបញ្ជាក់ប្រាប់ថា ៖ ក្នុងឆ្នាំ២០២៤នេះកសិករនៅតំបន់នោះបានបង្កបង្កើនផលស្រូវរដូវវស្សា លើផ្ទៃដីសរុប ២២៤ ៤៦៤ ហិកតា ស្មើ ១២៤.៧០% នៃផែនការ ដែលក្នុងនោះ ស្រូវស្រាល ៥១.៩៤% ទទួលទិន្នផលមធ្យម ៣.៥៣០តោន/ហិកតា ស្រូវកណ្ដាល ៤៦.៥៩% ទទួលទិន្នផលមធ្យម ៣.៣៥៩តោន/ហិកតា ស្រូវធ្ងន់ ១.៤៣% បានទិន្នផលមធ្យម ៣.៣៧៨តោន/ហិកតា ។

ក្រសួងកសិកម្មបានឱ្យដឹងដែរថាក្នុងការចុះសាកសួរព័ត៌មានអំពីតម្លៃស្រូវនេះ ឯកឧត្តម សុខ វិសាល បានធ្វើការសាកសួរនៅតាមទីតាំងមួយចំនួនដូចជា ៖ ច្រកទ្វារភ្នំដិន ស្រុកគិរីវង់ ដោយបានជួបជាមួយកសិករ សៅ ខន ភូមិចំរេះ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ បញ្ជាក់ថា តម្លៃស្រូវ OM នៅថ្ងៃនេះឈ្មួញទិញ ក្នុងតម្លៃ ១ ០៣០រៀលក្នុងមួយគីឡូក្រាម ។

ចំណែករោងម៉ាស៊ីនស្រូវ ហ្គោលឌិនដូនកែវ ទីតាំងនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រមូលទិញស្រូវផ្ការំដួល ៥០០តោន ក្នុងតម្លៃ ១៣៨០រៀលក្នុងមួយគីឡូក្រាម អំឡុងខែវិច្ឆិកា ដែលជាស្រូវ នៅក្នុងតំបន់ ហើយម៉ាស៊ីនកិនស្រូវនេះ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក(ស្រូវស្តុក)។ រោងម៉ាស៊ីនស្រូវ សុខកែវ មានទីតាំងក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមូលទិញស្រូវក្នុងតម្លៃ ១៤២០រៀលក្នុងមួយគីឡូក្រាម អំឡុងខែវិច្ឆិកា ដែលជាស្រូវនៅក្នុងតំបន់ ហើយម៉ាស៊ីនកិនស្រូវនេះ ផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner