ឯកឧត្តម សុខ សូកាន ៖ អត្តពលិកជាជើងឯកថ្នាក់ជាតិ នឹងប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំក្រោយ

(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសសម្រាប់កីឡាករ-កីឡាការិនីឆ្នើមពីការប្រកួតជើងឯកថ្នាក់ជាតិ លើវិញ្ញាសាដែលបានរៀបចំ នឹងមានប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិនាឆ្នាំ២០២៥ ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។

នេះបើតាមការបញ្ជាក់របស់លោក អ៊ិន គឹមស្រ៊ុន ប្រធានគណៈកម្មការរៀបចំការប្រកួត ក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមវត្ដមាន ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធ ។

លោក បន្ដថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួមសរុប ៣៧៣នាក់ ក្នុងនោះមានកីឡាករ ២២៤នាក់ និងកីឡាការិនី ៤៩នាក់ មកពី ១៤រាជធានី-ខេត្ត និង ៤ក្រសួង-ស្ថាប័ន ស្មើនឹង ៥៤សម្ព័ន្ធ-ក្លិបចូលរួមប្រកួតលើវិញ្ញាសាសរុបចំនួន ៨ ។

លោកបន្ដថា ក្នុងចំណោម ៨វិញ្ញាសានេះ មាន ៤វិញ្ញាសា គឺជាវិញ្ញាសារៀបចំសម្រាប់ជ្រើសរើសបំពេញបន្ថែមជម្រើសជាតិ នាឆ្នាំក្រោយ ក្នុងនោះមានវិញ្ញាសាបុរសអាយុ ១៨ឆ្នាំឡើង (ឈុតធំបុរស) ១នាក់ ទល់ ១នាក់, វិញ្ញាសានារីអាយុ ១៨ឆ្នាំឡើង (ឈុតធំនារី) ១នាក់ ទល់ ១នាក់, វិញ្ញាសាបុរសអាយុ ១៧-២៥ឆ្នាំ (យុវជន) ១នាក់ ទល់ ១នាក់ និងវិញ្ញាសានារីអាយុ ១៧-២៥ឆ្នាំ (យុវតី) ១នាក់ ទល់ ១នាក់ ។

លោក អ៊ិន គឹមស្រុន បញ្ជាក់ថា «នេះជាលើកទី១ ហើយ ដែលសហព័ន្ធបានរៀបចំវិញ្ញាសាប្រកួតជ្រើសរើសបំពេញបន្ថែមជម្រើសជាតិ ដើម្បីធ្វើការប្រមូលផ្ដុំសម្រាប់ឆ្នាំ២០២៥ និងត្រៀមលក្ខណៈចូលរួមការប្រកួតកម្រិតអន្ដរជាតិ ដែលកម្មវិថីប្រកួតត្រូវបានផ្សព្វផ្សាយ ដោយសហព័ន្ធកីឡាប៊ូលអាស៊ី ។ ក្នុងឱកាសនេះដែរ យើងសង្ឃឹមថា នឹងធ្វើការជ្រើសរើសបានកីឡាករ-កីឡាការិនី ដែលមានសក្ដានុពល ឆន្ទៈ មោះមុត វិន័យល្អ និងពេលវេលាគ្រប់គ្រាន់ ក្នុងការរួមដំណើរទៅមុខជាមួយគ្នា» ។

ឯកឧត្តម សុខ សូកាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីចូលរួមរបស់ប្រតិភូ និងអត្តពលិកគ្រប់រាជធានី-ខេត្ត ។ លោកជឿជាក់ថា ទោះបីលទ្ធផលបែបណា កីឡាករ-កីឡាការិនីនៅតែរក្សាស្នាមញញឹមជាប់ជានិច្ច ។ ហើយបានលើកទឹកចិត្តដល់អត្តពលិកទាំងអស់ ត្រូវបន្ដខិតខំហ្វឹកហាត់ និងដុសខាតសមត្ថភាពឲ្យរឹតតែខ្លាំងមួយកម្រិតថែមទៀត ជាមួយនឹងការរក្សានូវភាតរភាព និងសាមគ្គីភាពផ្ទៃក្នុង សីលធម៌ និងរក្សាឲ្យបាននូវទឹកចិត្តជាអ្នកកីឡា ក្នុងនាមក្រុមគ្រួសារកីឡាប៉េតង់កម្ពុជាផងដែរ ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ និងងីម ឆៃហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner