សៀវភៅស្តីពី ជីវប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ កម្ពុជា ចែកជូនឥតគិតថ្លៃ ១ម៉ឺនច្បាប់នៅក្នុងពិធី ពិព័រណ៍សៀវភៅកម្ពុជា
(ភ្នំពេញ)៖ សៀវភៅស្តីពីជីវប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជាត្រូវបានបោះពុម្ពផ្សព្វផ្សាយ និងបានចែកចាយដោយឥតគិតថ្លៃដល់សិស្ស និស្សិត និងពលរដ្ឋខ្មែរ ។ សៀវភៅដ៏ថ្មីស្រឡាងនេះគឺជាស្នាដៃរបស់ឯកឧត្តមបណ្ឌិត ឆាយ សុផល ជាអ្នកកាសែតជើងចាស់ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន ។
សៀវភៅជីវប្រវត្តិដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» បានបង្ហាញពីជីវិតពិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព មកដល់បច្ចុប្បន្ន ។ ក្នុងសៀវភៅមួយនេះក៏បានរំលេចខ្លះៗពីជីវិតរបស់លោកឪពុក និងអ្នកម្តាយរបស់លោកជំទាវផងដែរ។
សម្រាប់សៀវភៅស្តីពីជីវប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជានេះដែរ គឺជាសៀវភៅទី២១ហើយ តាមរយៈស្នាដៃ របស់ ឯកឧត្តមបណ្ឌិត ឆាយ សុផល ។
ប្រាប់អ្នកសារព័ត៌មានក្នុងពិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាមជ្ឈមណ្ឌលកោះពេជ្រចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» ឯកឧត្តមបណ្ឌិត ឆាយ សុផល បានឱ្យដឹងថា ៖ សៀវភៅនេះបានបោះពុម្ពរួចហើយចំនួនជាង ២ម៉ឺនច្បាប់ និងធ្វើការចែកជូនដល់សិស្ស និស្សិត និងពលរដ្ឋទូទៅចំនួន ១ម៉ឺនច្បាប់ ។ ចំណែកមួយចំនួនទៀតយកទៅតំកល់ទុកតាមបណ្តាល័យ និងបណ្តាគារ ។
ឯកឧត្តមបណ្ឌិត ឆាយ សុផល បានឱ្យដឹងដែរថា ៖ សម្រាប់ការចែកចាយដោយមិនគិតថ្លៃត្រឹមតែមួយព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គឺអស់ជាង២ពាន់ក្បាល រួចហើយ។សម្រាប់រយៈពេល ៤ថ្ងៃនៃពិព័រណ៍សៀវភៅនេះអាចនឹងអស់ចំនួន ១ម៉ឺនក្បាលឬលើសពីនេះផង ។
ឯកឧត្តម បញ្ជាក់ថា”ប្រជាពលរដ្ឋកម្ពុជាគួរតែស្វែងយល់ពីជីវប្រវត្តិរបស់លោកជំទាវ ដោយទម្រាំលោកជំទាវក្លាយជាស្រ្តីទី១ ដែលជាភរិយារបស់នាយករដ្ឋមន្រ្តីថា មានការតស៊ូ និងឆ្លងកាត់អ្វីខ្លះ? ក្រៅពីនេះត្រូវយល់ដឹងទាំងបទពិសោធន៍ទាំងវ័យកុមារ មកដល់ការសិក្សាថាមានអ្វីខ្លះ? ការសិក្សានេះមានទាំងក្នុងប្រទេសក៏ដូចជាក្រៅប្រទេស”។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា”ការសរសេរសៀវភៅមិនអាចសរសេរ២ទៅ៣ខែបានទេ ។ វាមិនដូចប្រលោមលោក ដោយសៀវភៅបែបវិទ្យាសាស្រ្តនេះវាទាមទារ រកអ្វីដែលច្បាស់លាស់ យើងត្រូវជួបណាត់សំភាសន៍ឱ្យបានត្រឹមត្រូវ ត្រូវយកឯកសារ មកចងក្រង ប្រមូលព័ត៌មានឱ្យបានច្រើន ។ សម្រាប់សៀវភៅនេះដែរឯកឧត្តមត្រូវចំណាយពេលច្រើនឆ្នាំ តែពេលមកអង្គុយសរសេរគឺតែចំនួន ៦ខែទេ ។ សៀវភៅនេះមានចំនួន ៤០០ទំព័រ “។
តាមរយៈការនិពន្ធសៀវភៅនេះគឺអ្វីដែលលេចធ្លោក្នុងប្រវត្តិរបស់លោកជំទាវទី១របស់កម្ពុជាបច្ចុប្បន្ន គឺជាស្រ្តីទី១ របស់កម្ពុជាដែលបានរៀនបញ្ចប់ថ្នាក់បណ្ឌិត និងចំណុចពិសេសមួយទៀតគាត់អាយុ ១៥ឆ្នាំបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយបានប្រឡងជាប់សាលាពេទ្យ បានលេខ១ ថែមទៀត ដោយគាត់បានទទួលអាហាររូបករណ៍ពីសាលាពេទ្យចាប់ពីឆ្នាំទី១រហូតដល់រៀនបញ្ចប់បណ្ឌិត ។ សម្រាប់ចំណុចពិសេសមួយទៀតដែលបានរំលេចក្នុងសៀវភៅនេះដែរឈ្មោះចន្នមុន្នីនេះគឺជាឈ្មោះទី៣ ចំពោះឈ្មោះកាលពីដំបូង និងឈ្មោះទី២ ឧស្សាហ៍ឈឺ ហើយបានឈ្មោះទី៣នេះក៏លែងឈឺដែលនេះគឺជាចំណុចមួយគួរចាប់អារម្មណ៍ និងបានរំលេចក្នុងទីនេះដែរ”។
ឯកឧត្តមបានលើកឡើងក្នុងសៀវភៅនេះដែរ គឺតាមរយៈបទពិសោធន៍របស់លោកជំទាវក៏បានចែករំលែកពីការត្រៀមខ្លួនដល់យុវជនពីការចេញទៅរៀននៅក្រៅប្រទេស ជាដើម ។
ឯកឧត្តមបណ្ឌិត ឆាយ សុផល ឱ្យដឹងបន្ថែមថា បន្ទាប់ពីបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចន្ទមុន្នី បានប្រឡងជាប់លេខ១ ចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅក្នុងវ័យ ១៥ឆ្នាំ។ ដោយជានិស្សិតក្មេងជាងគេ ហើយប្រឡងបានចំណាត់ថ្នាក់លេខ១ នៅសាកលវិទ្យាល័យនេះ ទើបលោក និងលោកស្រី Fujimoto ជនជាតិជប៉ុន និងជាស្ថាបនិកមូលនិធិ A&H Fujimoto (A&H Fujimoto Foundation) សម្រេចផ្តល់អាហារូបករណ៍ឱ្យ ចន្ទមុន្នី ហើយលោកទាំងពីរ ក៏បានសុំ ចន្ទមុន្នី ធ្វើជាកូនចិញ្ចឹម និងបន្តផ្តល់អាហារូបករណ៍ឱ្យ ចន្ទមុន្នី សិក្សារហូតដល់បញ្ចប់ថ្នាក់បណ្ឌិត ដោយគាំទ្រឱ្យទៅរៀននៅសាលាល្អៗ នៅក្នុងពិភពលោក ។
ដោយសារតែនិស្ស័យផង លោកនិងលោកស្រី Fujimoto ដែលជាអ្នកជំនួញដែរនោះ ក៏បានសម្រេចចិត្តផ្តល់កេរមរតក ជូនកូនចិញ្ចឹម ចន្ទមុន្នី ទុកជាទ្រព្យសម្បត្តិ។
បើតាមការរៀបរាប់របស់អ្នកនិពន្ធ គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាជំទាវទី១ ដំបូងគេនៅកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅឯចក្រភពអង់គ្លេស និងមានជំនាញផ្នែកសុខភាពសាធារណៈ ហើយថា បើទោះបីជាប្រសូតនៅក្នុងត្រកូលបញ្ញវន្ត និងមានជីវភាពសមរម្យ ហើយក្រោយមក ក៏ក្លាយជាបញ្ញវន្តជាន់ខ្ពស់ មានឪពុកក្មេកជានាយករដ្ឋមន្រ្តី រហូតដល់ស្វាមីក្លាយជានាយរដ្ឋមន្រ្តីក៏ដោយ ក៏លោកជំទាវបណ្ឌិត នៅតែរក្សាបានចរិយាសម្បត្តិ សុភាព រាបសា រួសរាយ រាក់ទាក់ និងបន្តធ្វើការងារសង្គម និងមនុស្សធម៌ជាធម្មតា ដោយគ្មានការរើសអើង និងប្រកបដោយការទទួលខុសត្រូវ ។
គួរបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះក៏មានបំណងចូលរួមអបអរនៃខួបអាពាហ៍ពិពាហ៍របស់លោកជំទាវបណ្ឌិត និងសម្តេចធិបតី នាថ្ងៃទី៧ ខែមករា និងខួបកំណើតរបស់លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ