ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈមួយចំនួន
(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះបានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី២ នៅសាលប្រជុំនៃអគារទីស្នាក់ការកណ្តាល ប.ស.ស. ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម រួមនិងវត្តមានចូលរួមពីសមាជិក សមាជិកាដែលជាតំណាងអន្តរក្រសួង តំណាងនិយោជក និងតំណាងសមាជិក ប.ស.ស.។
របៀបវារៈសម្រាប់កិច្ចប្រជុំនេះ រួមមាន គម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨, និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម។
ឯកឧត្តម ហេង សួរ បានថ្លែងថា ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម គឺជាអង្គការដឹកនាំខ្ពស់បំផុតមួយរបស់ ប.ស.ស. ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានបេសកកម្មក្នុងការតម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស. ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គមជានិរន្តរ ក្នុងគោលដៅការពារផលប្រយោជន៍ដល់សមាជិក ប.ស.ស. គ្រប់រូប។
នៅក្នុងរបៀបវារៈនៃការពិភាក្សាលើគម្រោងថវិកាចំណូល-ចំណាយឆ្នាំ២០២៥ របស់ ប.ស.ស. ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា ការរៀបចំផែនការថវិកាដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីអាចឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធិកម្ម ដែលស្របតាមទិសដៅជាយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ ភាពសមិទ្ធិកម្ម នៅឆ្នាំ២០២៥។ ដោយឡែក របៀបវារៈនៃសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ គឺស្របតាមផែនការសកម្មភាពឆ្នាំ២០២៥ ដែល ប.ស.ស. បានដាក់ចេញ ហើយនឹងក្លាយជាឧបករណ៍ ឬជាផែនទី១ សម្រាប់នាយកដ្ឋាន និងអង្គភាពចំណុះ ប.ស.ស. យកទៅរៀបចំ និងអនុវត្តតាមបណ្ដុំការងារ ឬសកម្មភាពរបស់ខ្លួន។
ទន្ទឹមនេះ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យថ្មីស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម គឺធ្វើឡើងក្នុងគោលបំណងកែសម្រួលតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. ឱ្យស្របតាមច្បាបស្តីពីរបបសន្តិសុខសង្គម ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព លើកកម្ពស់គុណភាព និងគណនេយ្យភាពនៃការផ្តល់តាវកាលិកសន្តិសុខសង្គមជូនសមាជិក ប.ស.ស.៕
ដោយ ៖ ង៉ាន់ ទិត្យ








