រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីត្រូវផាកពិន័យ ព្រោះការជក់បារី
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងត្រូវរងការផាកពិន័យ ចំពោះការជក់បារី នៅភោជនីយដ្ឋាន
ជាទីតាំងដែលហាម មិនឲ្យជក់បារី។
តាមច្បាប់របស់ម៉ាឡេស៊ី អ្នកដែលជក់បារី នៅក្នុងតំបន់ហាមឃាត់ អាចប្រឈមនឹងការផាកពិន័យ រហូតដល់ ១.១២០ ដុល្លារអាមេរិក។ ការជក់បារី នៅភោជនីយដ្ឋានទាំងអស់ ត្រូវបានប្រកាសថាខុសច្បាប់ តាំងពីឆ្នាំ២០១៩ ហើយវិធានការតឹងរ៉ឹងបន្ថែមទៀត ត្រូវបានណែនាំ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ។
កាសែត Thai PBS បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា កាលពីដើមសប្តាហ៍ រដ្ឋមន្ត្រីសុខាភិបាល លោក Dzulkefly Ahmad បានបង្ហោះរូបថត របស់រដ្ឋមន្ត្រីការបរទេសរូបនេះ ជក់បារី នៅភោជនីយដ្ឋានមួយ ស្ថិតក្នុងរដ្ឋ Negeri Sembilan ប្រទេសម៉ាឡេស៊ី។ លោក Dzulkefly បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធថា «ការិយាល័យរដ្ឋមន្ត្រីការបរទេស ត្រូវបានជូនដំណឹង អំពីបញ្ហានេះ» ដោយបន្ថែមថា រដ្ឋមន្ត្រីការបរទេស នឹងរងការផាកពិន័យចំពោះបទល្មើសនេះ។
យ៉ាងណាមិញ លោក Mohamad បានសុំទោស ហើយបាននិយាយថា លោកបានទទួលការជូនដំណឹង អំពីការបំពាន ពីអាជ្ញាធរសុខាភិបាល ប៉ុន្តែ ចំនួនទឹកប្រាក់ពិន័យ មិនទាន់ត្រូវបានកំណត់ នៅឡើយទេ ដោយលោកបញ្ជាក់ថា នឹងបង់ប្រាក់ពិន័យ នេះបើតាមកាសែត The Star។
ប៉ុន្តែ រូបថតរបស់ លោករដ្ឋមន្ត្រី Mohamad ជក់បារី នៅភោជនីយដ្ឋាន បានបង្កឱ្យមានកំហឹង លើអ៊ីនធឺណិត។ អ្នកប្រើ X ម្នាក់បាននិយាយថា «មិនថាអ្នកជារដ្ឋមន្ត្រី…ឬ VVIP ខុស នៅតែខុស។ គ្មានអ្នកណា នៅពីលើច្បាប់ទេ»។ ម្នាក់ទៀតនិយាយថា «សមាជិកសភា និងអាជ្ញាធរអនុវត្តច្បាប់ដែលល្មើសច្បាប់គួរតែទទួលទោសធ្ងន់ជាងសាធារណជន»៕
ប្រភពពី Thai PBS ប្រែសម្រួល៖ សារ៉ាត