ផ្លូវក្នុងទីប្រជុំជនក្រុងបាត់ដំបង នឹងកែលម្អឡើងវិញបន្ទាប់ពី​បញ្ចប់គម្រាងប្រព័ន្ធលូក្រោមដី

បាត់ដំបង៖ជាការកត់សម្គាល់ ជាច្រើនខែចុងក្រោយនេះ ផ្លូវមួយ​ចំនួន​នៅទីប្រជុំជនក្រុងបាត់ដំបង មានសភាពខូចខាត​ដោយ​អន្លើៗ ។មន្រ្តីជំនាញបានទទួល​ស្គាល់​ស្ថានភាពនេះ ហើយបានពន្យល់ថានេះ​ដោយ​សារតែអនុវត្តជីកដាក់​ប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីក្នុងក្រុង ទាំងខាងកើតស្ទឹង និងខាង​លិចស្ទឹង ។ប៉ុន្តែបណ្ដាផ្លូវទាំង​នេះនឹងត្រូវធ្វើការកែលម្អឡើង​វិញឆាប់ៗ បន្ទាប់ពីបញ្ចប់គម្រាងប្រព័ន្ធលូក្រោមដីរួចរាល់ជាស្ថាពរ​ ជាពិសេស​ប៉ែក​ខាងកើតស្ទឹងសង្កែ ។

លោក ហ៊ាន លីហុង ប្រធានគ្រប់គ្រងការដ្ឋាននៃគម្រោងទឹក​កខ្វក់​ក្នុងក្រុងបាត់ដំបង បានលើកឡើងពីកំណាត់​ផ្លូវជាតិ​លេខ៥ ចាប់​ពីចំណុចរង្វង់មូលព្រាបស រហូតមកដល់រង្វង់មូលលោកតាដំបង​គ្រញូង ដែលមានសភាពខូចខាតកន្លងមកនេះ ។លោកថា នេះដោយ​សារការជីកគាស់ ដើម្បីអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះ​ទឹកកខ្វក់។ដូចនេះសូមបងប្អូន​ប្រជា​ពលរដ្ឋកុងក្រុងមានការយោគយល់ និងអធ្យាស្រ័យខណៈការដ្ឋានកំពុងដំណើរការ ។តែផ្លូវនេះនឹងត្រូវ​សាងសង់ឡើងវិញ ក្រោយពីបញ្ចប់គម្រោងខាងលើ។

លោកបានបន្ថែមថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះ​ទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ សម្រេច​១០០ភាគរយ​ហើយ។ចំណែកផ្លូវដែលរងការខូចខាតកន្លងមក ក៏នឹងត្រូវរៀបចំជួសជុលកែ​លម្អឡើងវិញជាបន្តបន្ទាប់ទៅ​តាមស្ថានភាព​ដើមរបស់ផ្លូវនីមួយៗ។ចំពោះកំណាត់ផ្លូវជាតិលេខ៥ចាប់ពីចំណុចរង្វង់មូលព្រាបស រហូតមកដល់លោកតាដំបង​គ្រញូង​នឹងត្រូវសាងសង់ឡើងវិញ​នៅចន្លោះពាក់កណ្តាលខែមករា ឆ្នាំ២០២៥។

សូមជម្រាបថា នៅក្នុងទីប្រជុំនៃក្រុងបាត់ដំបង បច្ចុប្បន្នបាន និងកំពុង​អនុវត្តនូវគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និង អាងប្រព្រឹត្តកម្ម​ទឹកកខ្វក់ ចេញក្រៅក្រុង ដែលគាំទ្រដោយហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និងអនុវត្ត​គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។នៅក្នុងដំណាក់កាលនៃការសាងសង់នេះ ប្រជាពល​រដ្ឋពិត​ជាជួប​ការលំបាកចៀសមិនផុត។ក៏ប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង និងប្រតិបត្តិករនៃគម្រោង បាននិងកំពុងខិតខំជួសជុល និងពន្លឿនការសាងសង់ផ្លូវដែលខូចខាតឡើងវិញដោយយកចិត្តទុកដាក់។

មន្រ្តីគ្រប់គ្រងការដ្ឋានបញ្ជាក់ថា នៅពេលដែលគម្រោងប្រព័ន្ធ​លូរំដោះទឹកកខ្វក់ត្រូវបានបញ្ចប់ និងធ្វើតេស្តតាមបច្ចេកទេស​របស់គម្រោងរួចរាល់ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនជួសជុល​ផ្លូវដែលខូចខាតទាំងអស់នោះ ឱ្យ​ប្រសើរឡើង​វិញដោយ
មិនបង្អែរបង្អង់ឡើយ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner