មន្រ្តីសង្គ្រាមចោទកូរ៉េខាងជើងសំងំផលិតមីស៊ីលបាលីស្ទិកឱ្យរុស្ស៊ី

អ.ស.ប ៖ លោក Jonah Leff ប្រធានអង្គការស្រាវជ្រាវ ដែលតាមដានអាវុធប្រើក្នុងសង្គ្រាម បាននិយាយនាពេលថ្មីៗថា ឆ្នាំនេះ កូរ៉េខាងជើងបានបង្ហាញថា ខ្លួនអាចផលិតមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ និងផ្គត់ផ្គង់ដល់រុស្ស៊ី សម្រាប់ប្រើប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។

នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Leff បាននិយាយថា ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងកៀវ បានពិនិត្យសំណល់នៃមីស៊ីលចំនួន ៤គ្រាប់ មានប្រភពមកពីកូរ៉េខាងជើង ដែលបានរកឃើញនៅអ៊ុយក្រែន ក្នុងខែកក្កដា និងខែសីហា រួមទាំងមួយគ្រាប់មានសញ្ញាសម្គាល់ថា ត្រូវបានផលិតក្នុងឆ្នាំ២០២៤។

លោក Leff បានបញ្ជាក់យ៉ាងដូច្នេះថា នេះជាភ័ស្តុតាងសាធារណៈដំបូងបង្អស់ នៃមីស៊ីលដែលត្រូវបានផលិតនៅកូរ៉េខាងជើង ហើយក្រោយមកត្រូវបានប្រើនៅលើទឹកដីអ៊ុយក្រែន ក្នុងរយៈពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ មិនមែនប៉ុន្មានឆ្នាំនោះទេ។

ការអះអាងបែបនេះរបស់លោក Leff កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងគាំទ្រជានិច្ចដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក្នុងពេលជំនួបជាមួយប្រមុខការពារជាតិរុស្ស៊ីកាលពីចុងខែវិច្ឆិកា៕

ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner