អង់គ្លេសបញ្ចេញកញ្ចប់ជំនួយយោធាថ្មីជាង ២៨០លានដុល្លារដល់អ៊ុយក្រែន រួមទាំងយន្តហោះដ្រូន
កៀវ ៖ ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមានទំហំ ២៨៦លានដុល្លារដល់អ៊ុយក្រែនសម្រាប់ឆ្នាំក្រោយ រួមទាំងយន្តហោះគ្មានមនុស្សបើក ទូក និងប្រព័ន្ធការពារដែនអាកាស។
ក្រសួងការពារជាតិអង់គ្លេសបានប្រកាសបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបានជួបជាមួយសមភាគីអ៊ុយក្រែន លោក Rustem Umerov ហើយបានប្តេជ្ញាថា នឹងបង្កើនការគាំទ្ររបស់អង់គ្លេសដល់អ៊ុយក្រែននៅឆ្នាំ ២០២៥។
លោក John Healey បានបញ្ជាក់ថា អង់គ្លេសកំពុងពង្រឹងការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយថ្មីមួយ ដែលរួមមានទាំងយន្តហោះដ្រូនរបស់កងទ័ពជើងទឹក, ប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ។
ប្រមុខការពារជាតិអង់គ្លេសរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់អ៊ុយក្រែនថា ការបណ្តុះបណ្តាលទាហានអ៊ុយក្រែន ក្រោមប្រតិបត្តិការ Interflex ដែលជាប្រតិបត្តិការយោធាពហុជាតិដឹកនាំដោយអង់គ្លេសនឹងបន្តនៅឆ្នាំ ២០២៥ ដោយមិនគិតពីការវិវឌ្ឍនៅក្នុងដំណើរការសន្តិភាពរបស់អ៊ុយក្រែន និងបទឈប់បាញ់ដែលអាចកើតមានទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា