សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្តាច់ជីវិតទាហានកូរ៉េខាងជើង ១០០នាក់ និងជិត ១ពាន់នាក់របួស
សេអ៊ូល ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ១០០នាក់ត្រូវបានសម្លាប់ និងជិត ១,០០០នាក់រងរបួស ដោយសារការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។
នេះជាលើកដំបូងហើយ ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានបញ្ជាក់ជាផ្លូវការអំពីទំហំនៃការស្លាប់ និងរងរបួស ក្នុងចំណោមទាហានកូរ៉េខាងជើង ដែលឈរជើងនៅរុស្ស៊ី។
សមាជិកសភា និងជាសមាជិកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង លោក Lee Seong បានប្រាប់អ្នកយកព័ត៌មានថា ការខាតបង់យ៉ាងធ្ងន់ធ្ងរនេះ បណ្តាលមកពីកង្វះបទពិសោធន៍របស់ទាហានកូរ៉េខាងជើងក្នុងសង្គ្រាមយន្តហោះដ្រូន និងភាពមិនច្បាស់លាស់នៃសណ្ឋានដីរាបស្មើគ្មានកន្លែងលាក់ខ្លួន ជាទីដែលពួកគេកំពុងចូលរួមប្រយុទ្ធក្នុងសមរភូមិ។
លោក Lee បន្ថែមថា ការប៉ាន់ប្រមាណនេះ ខុសពីតួលេខប៉ាន់ស្មានរបស់មន្ត្រីយោធាអាមេរិក ដែលបានលើកឡើងថា មានអ្នកស្លាប់ និងរបួសច្រើនរយនាក់ ដោយសារតែការវិភាគបែបអភិរក្សនិយមដោយសេវាស៊ើបការណ៍ជាតិរបស់កូរ៉េខាងត្បូង។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា មុនពេលការចរចាសន្តិភាពដ៏មានសក្តានុពលមួយ ដែលរំពឹងទុក មុនពេលរដ្ឋបាលរបស់លោក ត្រាំ ចូលកាន់តំណែងជាលើកទីពីរ៕
ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា