ពិព័រណ៍ម្ហូបអាហារខ្មែរ នៅខេត្តបាត់ដំបងឆ្នាំនេះ នឹងកាន់តែប្លែកជាងឆ្នាំមុន
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤ នៅកំណាត់ផ្លូវលេខ១ ចាប់ពីរដ្ឋាករទឹកខេត្ត ដល់សួននាគសន្តិភាព មុខអគារសារមន្ទីរប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង (សាលាខេត្តចាស់) ។ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ផង និងដើម្បីផ្តល់ឱកាសដល់ចុងភៅចំណានៗដែលធ្លាប់មានស្នាដៃ ក្នុងការចំអិនមុខម្ហូបអាហារ និងបង្អែមខ្មែរ នៅតាមផ្ទះ តាមភោជនីយដ្ឋាន និងអាហារដ្ឋាននានាក្នុងក្រុង ខេត្ត បានចូលរួមបង្ហាញស្នាដៃ ក៏ដូចជាបានចែករំលែកនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកផង។ពិសេសជាងនេះគឺបង្កើតភាពសប្បាយរីករាយ ប្លែកភ្នែក ប្លែកអារម្មណ៍ដល់ទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តខេត្តបាត់ដំបង។
បន្ទាប់ពីទទួលជោគជ័យ និងមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងការប្រារព្ធកាលពីឆ្នាំ២០២២និងឆ្នាំ២០២៣កន្លងទៅ នៅឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិរព័រណ៍ម្ហូបអាហារខ្មែរម្តងទៀតដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤ឈានចូលឆ្នាំថ្មីសកល២០២៥ខាងមុខ ហើយឆ្នាំនេះកាន់តែប្លែកជាងឆ្នាំមុនទៀតផង ។
បើតាមផែនការរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បង្ហាញក្នុងកិច្ចប្រជុំស្តីពីការតាំងពិរព័រណ៍ម្ហូបអាហារខ្មែរឆ្នាំ ២០២៤នឹងប្រព្រឹត្តធ្វើរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃបញ្ចប់ឆ្នាំចាស់២០២៤ ឆ្លងចូលឆ្នាំ២០២៥ ។ព្រឹត្តិការណ៍នេះរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។
ឯកឧត្តម សុខ លូ បញ្ជាក់ថា ព្រឹត្តការណ៍ឆ្នាំនេះធ្វើឱ្យបានល្អ មានភាពប្លែកស្អាត និងគួបផ្សំបញ្ចូលបន្ថែមនូវសិល្បៈវប្ប
ធម៌និងមុខម្ហូបថ្មីៗ ឱ្យកាន់តែមានភាពសម្បូរបែប និងកាន់តែប្លែកជាងបណ្តាឆ្នាំកន្លងទៅ។
ជុំវិញព្រឹត្តិការណ៍ម្ហូបអាហារនេះដែរ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរចំនួនពីរឆ្នាំជាប់ៗគ្នារួចមកហើយ នៅឆ្នាំ២០២២និង២០២៣ដោយមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកចូលរួមយ៉ាងច្រើនកុះករ ។ដោយឡែកសម្រាប់ឆ្នាំ២០២៤ លោក ហម អរុណ បានបញ្ជាក់ថាការរៀបចំកាន់តែធំ និងកាន់តែប្លែកជាងឆ្នាំមុន។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបានបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរនិងដើម្បីបង្កនូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តក្រោមម្លប់នៃសន្តិភាព៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន