រត់ជាន់គ្នានៅសាលានីហ្សេរីយ៉ា សម្លាប់កុមារ ៣៥នាក់
បរទេស៖ ប៉ូលិស ប្រទេសនីហ្សេរីយ៉ា បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការរត់ជាន់គ្នា នៅឯពិព័រណ៍សាលាមួយកន្លែង ស្ថិតនៅភាគនិរតីនៃទីក្រុង Ibadan បានសម្លាប់កុមារចំនួន ៣៥នាក់ និង៦នាក់ផ្សេងទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ។
ប៉ូលីសបាននិយាយថា កុមារដែលរងរបួសកំពុងទទួលបានការព្យាបាល បន្ទាប់ពីឧប្បត្តិហេតុដែលបានកើតឡើង កាលពីថ្ងៃពុធ នៅក្នុងទីក្រុងធំទី ៣ របស់ប្រទេស។ រីឯ មនុស្សប្រាំបីនាក់ ត្រូវបានចាប់ខ្លួន ជាប់ពាក់ព័ន្ធលើរឿងនេះ។ ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួននោះ គឺជាអ្នកឧបត្ថម្ភសំខាន់ នៃព្រឹត្តិការណ៍នេះ។ កម្មវិធីដែលធ្វើឡើងនៅក្នុងសាលា Basorun Islamic ត្រូវបានរៀបចំ ដោយមូលនិធិ Wings Foundation និង វិទ្យុ Agidigbo FM។ ប្រភពបានបន្ថែមទៀតថា ផ្នែកមនុស្សឃាត នៃនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋ បានបើកការស៊ើបអង្កេត។
ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈសេចក្តីថ្លែងការណ៍មួយ បានសម្តែងការសោកសៅយ៉ាងជ្រាលជ្រៅ ចំពោះឧប្បត្តិហេតុសោកនាដកម្មនេះ។ លោកបានជំរុញឱ្យអាជ្ញាធរ ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារទប់ស្កាត់សោកនាដកម្មបែបនេះ កុំឱ្យកើតឡើងម្តងទៀត។
គួរបញ្ជាក់ថា នីហ្សេរីយ៉ាបានជួបហេតុការណ៍ រត់ជាន់គ្នាស្លាប់មនុស្ស ជាច្រើនដង ក្នុងប៉ុន្មានខែ ថ្មីៗនេះ។
ជាក់ស្តែង កាលពីខែមីនា សិស្សពីរនាក់បានស្លាប់ និង ២៣នាក់បានរងរបួសក្នុងពេលរត់ជាន់គ្នា អំឡុងកម្មវិធីចែកអង្ករឥតគិតថ្លៃ ដែលផ្តល់ដោយអាជ្ញាធរ នៅតំបន់កណ្តាល ប្រទេសនីហ្សេរីយ៉ា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត