ក្រសួងសុខាភិបាល ជូនដំណឹងពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេក្តីជូនដំណឹង ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅលើពិភពលោក វីរុសណូរ៉ូ « Norovirus » ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន ។
អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន ៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើ កុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់ ។
ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។
រោគសញ្ញាភាគច្រើន មាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុង រយៈពេល ១ ទៅ ៣ ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។ អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លង វីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាច មានផ្ទុកវីរុស។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។
១. របៀបចម្លង៖
វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖
- ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារ ប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។
២. របៀបបង្ការ៖ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ
- ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សាសេ ។ ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក ។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ