គណៈប្រតិភូកូរ៉េ ទៅឈ្វេងយល់វិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
កំពង់ធំ៖គណៈប្រតិភូមកពីសាធារណរដ្ឋកូរ៉េមួយក្រុមបានអញ្ជើញសិក្សាលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ។
គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែធ្នូ។ ឯកឧត្តម អភិបាលខេត្តកំពង់ធំបានបញ្ជាក់ជូនភ្ញៀវអំពីស្ថានភាពទូទៅ និងសក្កានុពលក្នុងខេត្ត ជាពិសេសវិស័យកសិកម្ម កសិ-ឧស្សា ហកម្ម ដូចជា ដំណាំ ស្រូវ ចន្ទី កៅស៊ូ ដំឡូងមី និងស្វាយកែវរមៀតជាដើម។ដោយឡែកចំពោះដំណាំចន្ទី ខេត្ត មានផ្ទៃដីដាំដុះបាន១៥ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូលផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតា ក្នុងមួយឆ្នាំ ជាមួយបរិមាណផលសរុបជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ចំណុចពិសេសនៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺមានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ។ប៉ុន្តែការកែច្នៃនៅក្នុងស្រុកនៅមានតិចតួចហើយផលិតផលចន្ទីឆៅភាគច្រើនត្រូវបានការនាំចេញទៅប្រទេសជិតខាង។ ហេតុដូច្នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជ្រើសរើសខេត្តកំពង់ធំ ជាមូលដ្ឋាននៃការកែច្នៃគ្រាប់ស្វាយចន្ទី ដោយសារខេត្តកំពង់ធំ នៅចំកណ្ដាលនៃប្រទេសកម្ពុជា ។
ឯកឧត្តមអភិបាលខេត្តបានគូសរំលេចថា ទាក់ទងនឹងវិស័យស្វាយចន្ទីរបស់ខេត្តកំពង់ធំ សម្ដេចធិបតី បានអនុញ្ញាតឱ្យរដ្ឋបាលខេត្ត បង្កើតជាសួនកសិ-ឧស្សាហកម្ម ផ្តោតជាសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ដែលមានផ្ទៃដីទំហំប្រមាណជិត ៦០០ហិកតា មានចម្ងាយពីទីរួមខេត្តជិត ១៣គីឡូម៉ែត្រ។ថ្មីៗនេះគ្រាប់ស្វាយចន្ទីខេត្តកំពង់ធំ បានចូលទៅក្នុងទីផ្សារសហគមន៍អឺរ៉ុបជាលើកដំបូងរបស់ខ្លួន រហូតដល់ ២៥០តោនក្នុង១ឆ្នាំ តាមរយៈក្រុមហ៊ុនមីរ៉ាត់ (Mirarth) របស់ប្រទេសជប៉ុន ដែលមានទីតាំងក្នុងខេត្តកំពង់ធំ។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណ ដល់គណៈប្រតិភូកូរ៉េ ដែលបានអញ្ជើញមកចុះសិក្សាលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបានស្វាគមន៍ និងរង់ចាំជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ។
សូមជម្រាបថា បន្ទាប់ពិភាក្សាការងារ គណៈប្រតិភូបានចុះសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្ម គ្រាប់ស្វាយចន្ទី, ចុះពិនិត្យនៅរោងចក្រ MIRARTH Agri Tech, ជួបជាមួយសហគមន៍ស្វាយចន្ទី, ពិនិត្យទីតាំងសាងសង់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរបស់រដ្ឋ និងសហគមន៍ស្វាយចន្ទី ក៏ដូចជា ជួបជាមួយកសិករដាំស្វាយចន្ទី ជាដើម៕
ដោយ៖ប៊ុនរដ្ឋា