ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនជីងលូ យ័ន នៅស្រុកគងពិសី បញ្ឈប់ជាបន្ទាន់ការបង្ហូរកាកសំណល់រាវ ចូលទៅក្នុងប្រឡាយ និងរៀប​ចំប្រព័ន្ធត្រួតពិនិត្យ

កំពង់ស្ពឺ៖ក្រសួងបរិស្ថានបានសម្រេចឱ្យក្រុមហ៊ុនជីងលូ យ័ន បញ្ឈប់​ការបង្ហូរកាកសំណល់រាវ(ទឹកកខ្វក់)ចូលទៅក្នុង​ប្រឡាយ៦១ជា​បណ្តោះ​អាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេស​បញ្ជៀស​ផលប៉ះពាល់ធ្ងន់ធ្ងរដល់​សុខភាពប្រជាពលរដ្ឋរស់នៅតាម​បណ្តោយសណ្តស្ទឹងព្រែកត្នោត និងជីវចម្រុះ ។

ការសម្រេចបែបនេះធ្វើឡើងក្រោយមានការចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរោងចក្រនិងប្រព័ន្ធលូបង្ហូរកាកសំណល់រាវចេញពីរោងចក្រទៅក្នុងប្រឡាយលេខ៦១ ហើយបន្តធ្លាក់ចូលទៅក្នុងស្ទឹងតូច ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាល​ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោក សារុន សំបូរ ប្រធាននាយកដ្ឋានបរិស្ថានបានរៀបរាប់ថា ក្រុមការងារក្រសួងបរិស្ថានបានចុះ​ពិនិត្យតាមដាន​ការ​អនុវត្តវិធាន​ការកែប្រែបច្ចេកទេសលើការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់​របស់សួនឧស្សាហកម្ម JIN LU YAUN ENERGY ENVIRONMENT PROTECTION CO.,LTD ដែលកំពុងបង្កផលប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងឃុំចំនួន១២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ប្រជាពលរដ្ឋបានបញ្ជាក់ថាមានការបង្ហូរកាកសំណល់​រាវ​​​​(ទឹកកខ្វក់)ចូលទៅក្នុងប្រឡាយទឹក និងស្ទឹង ពិសេសនៅពេលយប់ ។ប្រជាពលរដ្ឋ​បានសុំឱ្យមានការ​អន្តរាគមន៍​បន្ទាន់​ពីសំណាក់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាថែមទៀតផង។

មន្ត្រីដដែលបន្តទៀតថា ក្រោយពីមានការស្នើសុំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់បទបញ្ជាទៅដល់អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និងខេត្ត​កណ្តាល ពិសេសក្រសួងបរិស្ថានត្រូវចុះបន្ទាន់ទៅដល់ទីតាំងរោងចក្រ ។នៅពេលក្រុមការងារចម្រុះ​នៃអាជ្ញាធរខេត្ត និងស្រុកទាំងពីរ ដឹកនាំ​ដោយក្រសួងបរិស្ថានចុះ​ពិនិត្យ​ជាក់ស្តែង​ បានរកឱ្យឃើញនូវមូលហេតុ​ដែលបង្ក​ឱ្យ​ទឹកមានពណ៌ក្រមៅ និងមានក្លិនស្អុយខ្លាំង មិនអាច​ប្រើប្រាស់​ក្នុងការស្រោចស្រពដំណាំកសិកម្មបាន ពិសេសការប្រើប្រា​ស់​ប្រចាំថ្ងៃរបស់មនុស្ស ព្រមទាំងសត្វផង ។

មន្រ្តីដដែលបញ្ជាក់ថា កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្រ​បោកគក់ខាងលើ ពិតជាបានបង្កឱ្យទឹកប្រឡាយ​និង​ស្ទឹងព្រែក​ត្នោតប្រែជាខ្មៅ និងមានក្លិនស្អុយអូសាវែលទៅក្នុងទឹកធ្វើឱ្យប៉ះ​ពាល់ធ្ងន់ធ្ងរដល់ការប្រើប្រាស់ប្រចាំថ្ងៃ ពិសេស​ពលរដ្ឋក្នុងទាំង​១២ក្នុងស្រុកកណ្តាលស្ទឹង។ដោយមូលហេតុនេះ ក្រសួងបាន​សម្រេចផ្អាកការបង្ហូរ​កាកសំណល់​រាវ(ទឹកកខ្វក់)ចេញពីរោងចក្រ​បោកគក់នេះជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី១៩ ខែធ្នូ នេះតទៅ​ដើម្បីរៀបចំប្រព័ន្ធ​បច្ចេកទេស​ត្រួតពិនិត្យ និងទុកពេលឱ្យទឹកអាច​វិលទៅរកសភាពដើម ។ប៉ុន្តែរោងចក្រអាចដំណើរបានជាធម្មតា គ្រាន់​តែការរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យទឹកជាថ្មី ៕

ដោយ៖ ម៉ុន សំអាត

ads banner